ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (RULE) សរុបជិត ៦ពាន់នាក់ ធ្វើឡើងនៅមជ្ឍមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។
ព្រឹកថ្ងៃចន្ទ ២រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ ។
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា និស្សិតជ័យលាភីដែលនឹងត្រូវទទួលសញ្ញាបត្រមានចំនួនសរុប ៥,៦១០នាក់ (នារី ២.៩៥២នាក់ ត្រូវជា ៥២.៦ភាគរយ)។ ក្នុងនោះ និស្សិតថ្នាក់បរិញ្ញាបត្រ ៥,៤២៣នាក់ (នារី ២,៨៨០នាក់) និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ១៨៧នាក់ (នារី ៧២នាក់)។
តាមលទ្ធផលស្ទង់មតិរបស់សាកលវិទ្យាល័យ លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងចំណោមនិស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនេះ មាននិស្សិតប្រមាណ ៩៦.០៦ភាគរយ មានការងារធ្វើ។ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្រមាន ៩៦ភាគរយ និងនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់មាន ៩៧.៨៦ភាគរយ។