ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានថ្លែងថា បើសិនមិនបង្កើតឲ្យមានសាលាឧទ្ធរណ៍ នៅតាមភូមិភាគនោះទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅតាមសាលាឧទ្ធរណ៍រាជធានីភ្នំពេញ។
សម្ដេចតេជោបានមានប្រសាសន៍ថា ការធ្វើកំណែទម្រង់៩៩ភាគរយរស់ មិនធ្វើកំណែទម្រង់ ៩៩ភាគរយស្លាប់ ដូច្នេះអ្វីៗកុំនៅទ្រឹងមួយកន្លែង ត្រូវដើរឲ្យទាន់សារភាពការណ៍។
សម្ដេចបានបញ្ជាក់ថា «សព្វថ្ងៃកិច្ចការតុលាការរបស់យើង ត្រូវការកែទម្រង់ជាបន្ដទៀត។ វាជាការល្អហើយក្នុងរយៈពេលកន្លងទៅនេះ យើងបានផ្ដួចផ្ដើមបង្កើត ឲ្យមានសាលាឧទ្ធរណ៍ តាមភូមិភាគ បើសិនមិនបង្កើត ឲ្យមានសាលាឧទ្ធរណ៍តាមភូមិភាគទេ ប្រហែលជាសំណុំរឿងកកស្ទះ នៅសាលាឧទ្ធរណ៍ភ្នំពេញ»។
សាលាឧទ្ធរណ៍តាមភូមិភាគ បង្កើតឡើងដើម្បីផ្តល់ការងាយស្រួលដល់ការផ្តល់សេវាយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋខ្មែរ។ ជាមួយការកើនឡើងនៃសាលាឧទ្ធរណ៍តាមភូមិភាគ ត្រូវការធនធានមនុស្សកាន់តែច្រើន ដូច្នេះហើយទើបសម្ដេច យល់ឃើញថា មានការចាំបាច់ត្រូវផ្ដល់ក្របខណ្ឌទៅដល់ផ្នែកតុលាការ ៕