កំពង់ចាម៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ»កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។
ក្រោមអធិបតីភាពលោក ឃួន សាវុធ អគ្គនាយករងនៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. លោក ទ្បោ ចាន់លី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ចាម និងលោកស្រី សេង ដាលីន ទីប្រឹក្សាសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន GIZ។
សមាសភាពចូលរួមក្នុងសិក្ខាសាលានេះមានការចូលរួមពីអាជីវករក្នុងខេត្តកំពង់ចាម សភាពាណិជ្ជកម្មកម្ពុជាខេត្តកំពង់ចាម-មណ្ឌលគិរី ត្បូងឃ្មុំ តព្រៃវែង ស្វាយរៀង និងអង្គភាពមន្ទីរជុំវិញខេត្តប្រមាណ ២០០នាក់។
សិក្ខាសាលានេះនឹងផ្សព្វផ្សាយ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ ដល់ធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃច្បាប់ទាំង៣ ព្រមទាំងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់ និងសុចរិត ការពារផលប្រយោជន៍និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបានបង្ហាញពីបទល្មើសនិងទោសទណ្ឌក្រោមបទប្បញ្ញត្តិផងដែរ។
សូមបញ្ជាក់ថា នេះ គឺជាសិក្ខាសាលាលើកទី៥ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ហើយគ្រោងនឹងរៀបចំឡើងចំនួន ១លើកបន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត។
កាលពីឆ្នាំ២០២២កន្លងទៅ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ទាំង៣នេះ ត្រូវបានរៀបចំរួចហើយនៅទូទាំងប្រទេស ដោយអគ្គនាយកដ្ឋាន ក.ប.ប. និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ៕

