ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចក្រឡាហោម៖ កម្លាំងប្រជាការពារកាន់តែសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ឆ្លងសេចក្ដីព្រាង វិធានការទូទៅស្ដីពីការកសាងចលនាប្រជាការពារ នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣នេះ។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ឆ្លងតាមរយៈការរៀបចំប្រជាការពារតាំងពីឆ្នាំ១៩៩៩ រហូតដល់ពេលនេះ កម្លាំងប្រជាការពារកាន់តែចូលរួមបានសកម្មក្នុងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៅតាមមូលដ្ឋានជាមួយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច។
សម្ដេច បានរម្លឹកថានៅឆ្នាំ២០១៣ កម្លាំងប្រជាការពារ បានចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ពណ៌ ក្នុងការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងរួមចំណែកការពារសន្តិសុខបោះឆ្នោត បានយ៉ាងល្អប្រសើរផងដែរ។
លោក សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ថា ចលនាប្រជាការពារត្រូវបានក្រសួងមហាផ្ទៃ រៀបចំឡើងតាមរយៈ គម្រោងចាត់តាំងចលនាការពារសន្តិសុខមាតុភូមិ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការរលំរលាយទាំងស្រុងអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជាកាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
យោងតាមសេចក្ដីព្រាង ចលនាប្រជាការពារ ជាវិធានការក្នុងការកៀរគរកម្លាំងប្រជាពលរដ្ឋទាំងមូលចូលរួមពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅ ទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុកភាព និងសុខដុមរមនា។
ប្រជាការពារ គឺជាចលនានៃការចូលរួមដោយស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋពីគ្រប់មជ្ឈដ្ឋានដើម្បីរួមចំណែកការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការពារអាយុជីវិត ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្រុមគ្រួសារខ្លួន និងសហគមន៍ ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំ និងសម្របសម្រួលរបស់អាជ្ញាធរមាន សមត្ថកិច្ចនៅមូលដ្ឋានក្នុងដែនសមត្ថកិច្ច។
សូមបញ្ជាក់ថា ប្រជាការពារមិនទទួលបានប្រាក់បៀវត្សដូចក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិល ឬកងកម្លាំងប្រដាប់អាវុធ នោះទេ។ ការទ្រទ្រង់សកម្មភាពចលនាប្រជាការពារអាស្រ័យដោយការឧបត្ថម្ភទាំងស្មារតី សម្ភារៈ ថវិកា របស់អាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច វិស័យឯកជន ប្រជាពលរដ្ឋ សប្បុរសជន និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់៕