មណ្ឌលគិរី៖ ឈើប្រណិតជាច្រើនម៉ែត្រគូប ដែលក្រុមឈ្មួញប្រមូលលាក់ទុកក្នុងព្រៃត្រៀមដឹកជញ្ជូនទៅប្រទេសវៀតណាម ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដឹកនាំដោយលោក យូរ ប៊ុនស្រៀង សហការណ៍ជាមួយប្រធានស្នាក់ការប្រចាំការនៅខេត្តមណ្ឌលគិរី និងកម្លាំងជំនាញពាក់ព័ន្ធកម្លាំងបានចុះប្រមូលដឹកជញ្ជូនយកប្រគល់ឲ្យរដ្ឋបាលព្រៃឈើចាត់ការបន្ត។
ការបង្ក្រាបបទល្មើសនោះធ្វើឡើងនៅវេលាម៉ោង ២០៖៣០នាទីយប់ ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ចំណុច ភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជំនួញឈើប្រណិតនោះមានក្រុមឈ្មួញតែងរកស៊ីដឹកជញ្ជូនដោយលួចលាក់លើដងផ្លូវក្នុងចំណុចភូមិសាស្រ្តខាងលើ។ ជាក់ស្តែងនៅយប់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ លោក យូរ ប៊ុនស្រៀង ដឹកនាំកម្លាំង សហការជាមួយជំនាញពាក់ព័ន្ធចុះបង្ក្រាបបានតែម្តង។
ការបង្ក្រាបនោះកម្លាំងជំនាញបានប្រមូលដឹកជញ្ជូនឈើប្រណិតទាំងនោះជាវត្ថុតាងទាំងអស់បានប្រគល់ឲ្យរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីធ្វើកណត់ហេតុចាត់ការបន្តតាមច្បាប់ ព្រៃឈើ៕
