ភ្នំពេញ៖ រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ។
លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម តំណាងឱ្យរាជរដ្ឋាភិបាល និងសហការី ចូលរួមពិភាក្សានិងការពារសេចក្តីព្រាងច្បាប់ខាងលើ។
លោកប្រធាន ប្រធានគណៈកម្មការទី៩ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះបានរៀបចំឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។
លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ ប្រធាន និង សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម នៃព្រឹទ្ធសភា ដែលបានអនុញ្ញាតឱ្យក្រសួងពាណិជ្ជកម្ម ដាក់សេចក្តីព្រាងច្បាប់នេះ ក្នុងរបៀបវារៈនៃកិច្ចប្រជុំពិភាក្សារបស់ គណៈកម្មការទី៩ នាថ្ងៃនេះ។
លោករដ្ឋមន្រ្តី ក៏បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ទន្ទឹមនឹងនេះ ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយនូវសំណួរនានារបស់សមាជិក សមាជិកា នៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះ។
លោកប្រធានគណៈកម្មការទី៩ បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ រដ្ឋមន្រ្តីក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ព្រមទាំងមន្រ្តីរាជការនៃក្រសួងពាណិជ្ជកម្ម ។
ជាលទ្ធផល អង្គប្រជុំបានគាំទ្រទាំងស្រុងទៅលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ និងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មាធិការអចិន្រ្តៃយ៍ ដើម្បីពិនិត្យនិងស្នើសុំដាក់ចូលក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គព្រឹទ្ធសភានាពេលខាងមុខ៕

