ព្រៃវែង៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានដឹកកិច្ចប្រជុំ ជាមួយមេបញ្ជាការកងកម្លាំងទាំង៣ អភិបាលក្រុងស្រុកទាំង១៣ មន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្ដីពាក់ព័ន្ធ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត គឺដើម្បីពង្រឹងការងារ សន្ដិសុខសណ្ដាប់ធ្នាប់ ការអនុវត្ត បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្រ្កាបបទល្មើសនានា ការលេងល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ក្នុងភូមិសាស្រ្ដខេត្តព្រៃវែង ជាពិសេស ត្រូវបន្តពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពឱ្យបានល្អប្រសើរ និងត្រូវបន្តខិតខំដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យមានប្រសិទ្ធភាពខ្ពស់ ខណៈ មន្ទីរជំនាញក៍ត្រូវពន្លឿនការចុះបណ្ណ័ជាប្រព័ន្ធជូនប្រជាពលដ្ឋ ដើម្បីកាត់បន្ថយទំនាស់ដីធ្លី។
លោកអភិបាលខេត្តមានប្រសាសន៍ថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាព ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ៕


