ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឌិត​ ទីណា​៖ការអភិវឌ្ឍវិស័យកសិកម្ម គឺផ្តោតលើគុណភាព និងសុវត្ថិភាព 

ភ្នំពេញ៖ លោកឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ ទទួលជួបពិភាក្សាការងារជាមួយ លោក UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នៅទីស្តីការក្រសួង។
លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ លោករដ្ឋមន្ត្រី ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយធានាឱ្យបាននូវសន្តិសុខនិងនិរន្តរភាពស្បៀង និងផ្តោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងជំរុញផលិតផលដែលមានសក្តានុពលមានតម្លៃទីផ្សារល្អសម្រាប់ការនាំចេញដូចជាស្រូវ ស្វាយចន្ទីជាដើម ដើម្បីឱ្យកសិករបង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងកសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ត្រូវការធនធានមនុស្សសម្រាប់ សហគមន៍កសិកម្ម (AC) ព្រមទាំងការបង្កើតនូវទំនុកចិត្ត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code និងការផ្សព្វផ្សាយពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដាគោលនយោបាយនិងទីផ្សារ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍវិស័យកសិកម្ម ត្រូវយកចិត្តទុកដាក់គិតគូរលើការកាត់បន្ថយថ្លៃដើម ការអភិវឌ្ឍធនធានមនុស្សឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ មានការតាំងចិត្ត មានឆន្ទៈ ព្រមទាំងការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីឱ្យមានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច៕