ភ្នំពេញ ៖ លោក បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការី បានអញ្ជើញចុះសួរសុខទុក្ខប្រជាសហគមន៍សាក្រាមរុងរឿង ដែលបណ្តំក្រុមអ្នកផលិតស្វាយចន្ទី ស្រូវ និងដំឡូងមី នៅស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។
បច្ចុប្បន្នសហគមន៍សាក្រាមបានដាំដុះស្វាយចន្ទីសរុប១ ២០០ហិកតា នៅភូមិត្រសាក្រាម ឃុំសាក្រាម ស្រុកប្រាសាទបល័្លង្គ ខេត្តកំពង់ធំ។ លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងករណី សហគមន៍ ឬសមាជិកចង់បានឥណទានដើម្បីពង្រីកការដាំដុះ ឬពង្រីកខ្សែច្រវាក់ផលិតកម្មស្វាយចន្ទី អាចស្នើសុំឥណទាន ពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានក្នុងអត្រាការប្រាក់សមរម្យ ។
នៅថ្ងៃដដែលនេះដែរ លោក បណ្ឌិត កៅ ថាច បានបន្តចុះពិនិត្យសកម្មភាព ការប្រមូលទិញស្វាយចន្ទី ការផលិត និងខ្សែច្រវាក់កែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុន សានតាណាអាហ្គ្រោប្រដាក់ (SANTANA) នៅភូមិជីអោក ឃុំរមណីយ៍ ស្រុករវៀង ខេត្តព្រះវិហារផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនសានតាណាអាហ្គ្រោប្រដាក់ បានធ្វើការអភិវឌ្ឍដំណាំស្វាយចន្ទីច្រើនឆ្នាំមកហើយលើផ្ទៃដីចំនួន៨៥០ហិកតា ហើយបច្ចុប្បន្នកំពុងប្រមូលផលស្វាយចន្ទីលើផ្ទៃដី២៥០ហិកតា ដោយប្រើពូជ M23 ហើយផ្តល់ទិន្នផលបាន ៤-៥តោនក្នុងមួយហិកតា (បរិមាណផលអាស្រ័យទៅតាមរដូវកាល និងអាយុប្រមូលផល)។ ទន្ទឹមនេះ រោងចក្របានធ្វើការកែច្នៃ វេចខ្ចប់ នាំចេញទៅកាន់ទីផ្សារបរទេស ក្នុងនោះមានប្រទេសចិនជាទីផ្សារទទួលទិញធំជាងគេ ហើយក៏មាននាំចេញផងដែរទៅទីផ្សារអឺរ៉ុប កូរ៉េខាងត្បូង និងបណ្តាប្រទេសមួយចំនួនទៀត។
លោកបណ្ឌិតក៏បានសំណូមពរឲ្យក្រុមហ៊ុនបន្តជួយប្រមូលទិញស្វាយចន្ទីពីសហគមន៍ទាំង៣៥ នៅទូទាំងខេត្តព្រះវិហារផងដែរ ៕