ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សម្ដេចតេជោ ហ៊ុន សែន៖ជនមានពិការភាពតាមរោងចក្រ និងសហគ្រាស ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចកម្មការិនីមានផ្ទៃពោះ

 

កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសឲ្យដឹងថា ជនមានពិការភាពនៅតាមរោងចក្រ និងសហគ្រាសនានា ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង១៥នាទី ដូចនឹងកម្មការិនីមានផ្ទៃពោះ។

សម្ដេចតេជោ បានថ្លែងបែបនេះក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ថ្ងៃមុនពេលទៅកំពង់ស្ពឺ មានកម្មការិនីម្នាក់ បានស្នើសុំឲ្យជនពិការ ដែលធ្វើការនៅតាមរោងចក្រ បានចេញមុនម៉ោង ដូចជាស្ដ្រីមានផ្ទៃពោះ។ ខ្ញុំសូមប្រកាសជូនថា គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិការ ត្រូវអនុញ្ញាតឲ្យចេញមុនម៉ោង ដូចស្ដ្រីមានផ្ទៃពោះដែរ»។

សម្ដេចបានលើកឡើងថា កាលពីមុន ស្ដ្រីមានផ្ទៃពោះ ត្រូវចេញបញ្ជៀសជាមួយគេ ដូច្នេះបញ្ហានេះ ម្ចាស់រោងចក្រ ត្រូវឲ្យស្ដ្រីមានផ្ទៃពោះ បានចេញមុន ដើម្បីជៀសវាងការប៉ះទង្គិចណាមួយដល់កូន ដោយអនុញ្ញាតឲ្យចេញ ១៥នាទីមុន យ៉ាងតិច។

សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសឲ្យគ្រប់ទីកន្លែង នៅទូទាំងប្រទេស មិនថាតាមរោងចក្រ និងតាមស្ថាប័ន ទាំងរដ្ឋ និងឯកជន សូមផ្ដល់ឱកាសសម្រាប់ស្ដ្រីមានផ្ទៃពោះ បានចេញមុនម៉ោង និងសម្រាប់ជនពិការ ដើម្បីបង្កលក្ខណៈងាយស្រួល ផងដែរ​។

សម្ដេចតេជោ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលខិតខំរួមគ្នា ដើម្បីធានាថា សុខភាពកម្មករ ត្រូវបានយកចិត្ដទុកដាក់ ជាមួយនឹងផលប្រយោជន៍ទាំងឡាយ ដែលកម្មករ-កម្មការិនី គប្បីត្រូវបានទទួលការងារធ្វើ ដែលម្ខាងជាសេដ្ឋកិច្ចរួមជាតិ និងម្ខាងទៀត ផ្ដល់ប្រយោជន៍ផ្ទាល់ របស់កម្មករ-កម្មការរិនី ដែលទទួលបានការងារធ្វើ៕