អ្នកយកព័ត៌មាននៅវិមានរដ្ឋាភិបាលបានសួរ លោក ប្រាយុទ្ធ ថាតើលោកបានផ្តល់បញ្ជាពិសេសណាមួយដល់អគ្គស្នងការប៉ូលិសភូមិន្ទថៃ លោកឧត្តមសេនីយ៍ ដាំរ៉ុងសាក់ កិតិប្រាប៉ាស (Damrongsak Kittiprapas) ដែលបានមកជួបនាយករដ្ឋមន្ត្រីនៅវិមានរដ្ឋាភិបាលកាលពីថ្ងៃអង្គារ ដែរឬទេ?
លោកថាក់ស៊ីន បាននិយាយម្តងហើយម្តងទៀតថា លោកនឹងត្រឡប់ទៅប្រទេសថៃ វិញនៅខែក្រោយ ដើម្បីឲ្យលោកមានឱកាសនៅជាមួយចៅៗរបស់លោក។
ប៉ុន្តែបើតាមរបាយការណ៍ដែលមិនអាចបញ្ជាក់បានឱ្យដឹងថា លោកស្រី ខុននីយីង ពុតចាម៉ាន់ ណា ពុមបេច្រា (Khunying Potjaman na Pombejra) ដែលនៅតែជាភរិយារបស់លោក ថាក់ស៊ីន ទោះបីជាអ្នកទាំងពីរបានលែងលះគ្នាដោយស្របច្បាប់ក៏ដោយ ប៉ុន្តែលោកស្រីមិនយល់ស្របនឹងផែនការរបស់លោក ថាក់ស៊ីន ក្នុងការវិលត្រឡប់មកវិញនៅខែក្រោយនោះទេ។
ឧបនាយករដ្ឋមន្ត្រីថៃ លោក វិស្ណុ គ្រែងាំ (Wissanu Krea-ngam) បានពន្យល់ថា ការណែនាំទៅលើការ ឃុំខ្លួននេះមិនមែនសម្រាប់លោកថាក់ស៊ីនទេ ប៉ុន្តែសម្រាប់អ្នកជាប់ឃុំមួយចំនួនដែលស្ថិតនៅក្រោមវិធានការ កាត់ចោលស្របតាមគោលការណ៍ឧក្រិដ្ឋកម្ម។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បាននិយាយកាលពីថ្ងៃអង្គារថា លោកគ្មានសិទ្ធិអំណាចក្នុងការចេញបញ្ជាណាមួយ ដល់ប៉ូលិសអំពីការវិលត្រឡប់របស់លោកថាក់ស៊ីននោះទេ។
លោក ប្រាយុទ្ធ បាននិយាយទៀតថា លោកថាក់ស៊ីនអាចត្រឡប់មកប្រទេសវិញ នៅពេលណាដែលលោកចង់បាន ដរាបណាលោកគោរពតាមច្បាប់ និងអនុវត្តទោសដែលបានផ្តល់ឱ្យលោក៕