លោកស្រី អ៊ុងសាន ស៊ូជី អាយុ ៧៨ឆ្នាំ អតីតមេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចំណាយពេលខួបកំណើត លើកទី៣ ជាប់ៗគ្នាក្រោមការឃុំខ្លួន បន្ទាប់ពីមានការទម្លាក់រដ្ឋាភិបាលជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យ របស់លោកស្រី នៅក្នុងរដ្ឋប្រហារយោធា។
តាមប្រភពដែលដឹងពី ស្ថានភាពរបស់លោកស្រី ស៊ូជី ស្ថិតក្នុងស្ថានភាពមានសុខភាពល្អ។ លោកស្រីត្រូវបានឃុំខ្លួនក្នុងអគារតូចមួយ ក្នុងបរិវេណពន្ធនាគារ ក្នុងរដ្ឋធានីណៃពិដោរ ចាប់តាំងពីខែមិថុនា ឆ្នាំមុន បន្ទាប់ពីត្រូវបានឃុំខ្លួនក្នុងផ្ទះ។
កូនប្រុសពៅរបស់លោកស្រី ស៊ូជី គឺលោក គីម អារីស បានចេញសេចក្តីថ្លែងការណ៍តាមវីដេអូមួយ នៅមុនថ្ងៃខួបកំណើតរបស់លោកស្រី ដោយអំពាវនាវឱ្យរបបយោធា ដែលកំពុងកាន់អំណាចដោះលែងលោកស្រី និងប្រគល់អំណាចឱ្យរដ្ឋាភិបាល ជាប់ឆ្នោត តាមបែបប្រជាធិបតេយ្យវិញ។
សូមបញ្ជាក់ថា លោកស្រី ស៊ូជី ម្ចាស់ជ័យលាភីរង្វាន់ណូបែលសន្តិភាព សមាជិកជាន់ខ្ពស់ផ្សេងទៀត នៃរដ្ឋាភិបាលរបស់លោកស្រី ក៏ដូចជាសកម្មជន និងអ្នកនយោបាយគាំទ្រលទ្ធិប្រជាធិបតេយ្យផ្សេងទៀត ត្រូវបានចាប់ខ្លួនដោយយោធា បន្ទាប់ពីរដ្ឋប្រហារ ហើយភាគច្រើន នៅតែស្ថិតក្នុងការឃុំខ្លួន។
គណបក្សនយោបាយ ដែលត្រូវបានរំលាយ របស់លោកស្រី ស៊ូជី គឺគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ កាលពីថ្ងៃចន្ទ បានជំរុញឲ្យរបបយោធាកាន់អំណាចជួបពិភាក្សា ជាមួយលោកស្រី ដើម្បីដោះស្រាយបញ្ហានយោបាយ ដែលកើតឡើងពីរដ្ឋប្រហារ៕