ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកដ្ឋាន ក.ប.ប.បានបញ្ចប់ដោយជោគជ័យនូវសិក្ខាសាលាផ្សព្វផ្សាយពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅទូទាំងប្រទេស សម្រាប់ជុំទី២ ឆ្នាំ២០២៣

 

ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ក.ប.ប. បានបញ្ចប់ដោយជោគជ័យនូវគម្រោងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ នៅទូទាំងប្រទេស សម្រាប់ជុំទី២ ឆ្នាំ២០២៣ ។

អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការអនុវត្តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ជូនដល់សភាពាណិជ្ជកម្ម អង្គភាពមន្ទីរ និងស្ថាប័នជុំវិញរាជធានី ខេត្ត មន្ទីរពាណិជ្ជកម្ម ស្ថាប័នអយ្យការអមសាលាឧទ្ធរណ៍ និងសាលាដំបូង សិស្ស-និស្សិត និងមន្រ្តីសាខា ក.ប.ប. តាមបណ្ដារាជធានី ខេត្ត ទាំង ២៥  ។

សិក្ខាសាលានេះ ជាវេទិកាមួយ ដែលមិនត្រឹមតែជាការជួបជុំដើម្បីផ្សព្វផ្សាយ បញ្រ្ជាបការយល់ដឹងផ្នែកច្បាប់ដល់ភាគីពាក់ព័ន្ធ  រួមអ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ប៉ុណ្ណោះទេ តែជាវេទិកានៃការផ្លាស់ប្តូរ ចែករំលែកនូវបទពិសោធន៍ដ៏មានតម្លៃ សំដៅជំរុញឱ្យការអនុវត្តច្បាប់ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព។

ក្នុងអង្គសិក្ខាសាលា វាគ្មិនដែលអញ្ជើញមកពីអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើការបកស្រាយអំពីខ្លឹមសារនៃច្បាប់ គោលការណ៍និងអត្ថប្រយោជន៍ នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិ ដោយរួមទាំងការបង្ហាញអំពីបទល្មើសនិងទណ្ឌកម្ម ដែលបញ្ញត្តិដោយច្បាប់។

ក្រៅពីច្បាប់ទាំង៣ ដូចបានជម្រាបជូនខាងលើ អនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងអនុក្រឹត្យស្តីពីលក្ខខណ្ឌនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក៏ត្រូវបានលើកយកមកពិភាក្សានិងផ្សព្វផ្សាយផងដែរ សំដៅសំដៅធ្វើយ៉ាងណា ជំរុញឱ្យមានការប្រកួតប្រជែងក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រកបដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់និងសុចរិត ការពារផលប្រយោជន៍សេដ្ឋកិច្ច និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ។

សូមបញ្ជាក់ដែរថា នៅជុំទី១ឆ្នាំ២០២២ និង ក្នុងឆ្នាំ២០២៣នេះ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ត្រូវបានរៀបចំទ្បើងចំនួន ៦លើក តាមចង្កោមរាជធានី ខេត្តនៅទូទាំងប្រទេស រួមមាន៖

– លើកទី១ ថ្ងៃទី២៦-២៧ ខែមករា ឆ្នាំ២០២៣ នៅខេត្តកែប ដោយមានការចូលរួមពី ខេត្តកែប កំពត តាកែវ និងរាជធានីភ្នំពេញ ។

– លើកទី២ ថ្ងៃទី៦-៧ ខែមីនា ឆ្នាំ២០២៣ នៅខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី ខេត្តស្ទឹងត្រែង ​រតនគិរី  មណ្ឌលគិរី និងខេត្តក្រចេះ ។

– លើកទី៣ ថ្ងៃទី៦-៧ ខែមេសា ឆ្នាំ២០២៣ នៅខេត្តសៀមរាប ដោយមានការចូលរួមពី ខេត្តសៀមរាប បន្ទាយមានជ័យ កំពង់ធំ ព្រះវិហារ និងខេត្តឧត្តរមានជ័យ។

– លើកទី៤ ថ្ងៃទី២៧-២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ដោយមានការចូលរួមពីខេត្តព្រះសីហនុ  កោះកុង និងខេត្តកំពង់ស្ពឺ ។

– លើកទី៥ ថ្ងៃទី៥-៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម ដោយមានការចូលរួមពី ខេត្តកំពង់ចាម  ត្បូងឃ្មុំ  ព្រៃវែង និងខេត្តស្វាយរៀង។

– លើកទី៦ ថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៣ នៅខេត្តបាត់ដំបង ដោយមានការចូលរួមពីខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

តាមរយៈសិក្ខាសាលាផ្សព្វផ្សាយទាំងនេះ អគ្គនាយកដ្ឋាន ក.ប.ប. សង្ឃឹមយ៉ាងមុតមាំថា កម្រិតនៃការយល់ដឹងរបស់ធុរជនពាក់ព័ន្ធបទប្បញ្ញត្តិទាំងនេះ នឹងមានការកើនទ្បើង ព្រមទាំងអាចចៀសផុតពីហានិភ័យផ្សេងៗចំពោះការបំពានច្បាប់និងបទប្បញ្ញត្តិនានា ដែលអាចកើតទ្បើងជាយថាហេតុ៕