ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សភាថៃ កំណត់យកថ្ងៃទី២៧ ខែកក្កដានេះ សម្រាប់បោះឆ្នោតជ្រើសរើសនាយករដ្ឋមន្រ្តីទី៣០

ថៃ ៖  លោក Chuan Leekpai សមាជិកសភាគណបក្សប្រជាធិបតេយ្យ និងជាអតីតប្រធានសភា បាននិយាយថា លោកអាណិតដល់ប្រធានសភា គឺលោក Wan Muhamad Noor Matha ត្រូវតែដោះស្រាយជម្លោះរវាងសមាជិកសភាជាង ៧០០នាក់ ក្នុងអំឡុងកិច្ចប្រជុំដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីថ្ងៃពុធ។
នេះយោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Chuan ដែលបានបម្រើការជាប្រធានសភាពីខែឧសភា ឆ្នាំ ២០១៩ ដល់ខែមីនា ឆ្នាំ ២០២៣ បាននិយាយថា “ការរក្សាឱ្យមនុស្សជាច្រើននៅក្រោមការគ្រប់គ្រងគឺមិនងាយស្រួលនោះទេ ជាពិសេសនៅពេលដែលពួកគេមានមតិផ្សេងគ្នា និងចង់បញ្ចេញមតិរបស់ពួកគេ” ។

បន្ទាប់ពីការជជែកដេញដោលអស់រយៈពេលជាង៨ម៉ោងកាលពីថ្ងៃពុធ លោក Wan Noor បានអំពាវនាវឱ្យមានការបោះឆ្នោតដើម្បីសម្រេចថាតើការតែងតាំងមេដឹកនាំ Move Forward លោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីបានរំលោភលើបទបញ្ជារបស់សភាលេខ ៤១ ដែរឬទេ។

សមាជិកសភា ៣៩៤ នាក់ក្នុងចំណោម ៧១៥ នាក់បានបោះឆ្នោតថា លោក Pita មិនមានសិទ្ធិក្នុងការតែងតាំងស្របតាមបទប្បញ្ញត្តិដែលហាមឃាត់ការបញ្ជូនឡើងវិញ នូវញត្តិដែលបានបរាជ័យក្នុងសម័យប្រជុំមួយ។

សមាជិកសភាចំនួន ៣១២ នាក់បានគាំទ្រការតែងតាំងលោក Pita ដោយលើកឡើងថា សភាកំពុងស្ថិតក្នុងដំណើរការ នៃការតែងតាំង Pita ជានាយករដ្ឋមន្ត្រី ដូច្នេះមិនត្រូវបានដាក់ស្នើឡើងវិញទេ។ អនុប្បវាទ ៨ នាក់ និងម្នាក់មិនបានបោះឆ្នោត។

លោក Wan Noor ដែលជាប្រធានសភាថៃ បានកំណត់កាលបរិច្ឆេទសម្រាប់ការបោះឆ្នោតជុំបន្ទាប់សម្រាប់តំណែងនាយករដ្ឋមន្រ្តីទី៣០ របស់ប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍ក្រោយ (ថ្ងៃទី ២៧ ខែកក្កដា) ។ លោកក៏បានរក្សាលក្ខណៈវិនិច្ឆ័យដែលអ្នកឈ្នះត្រូវតែទទួលបានយ៉ាងហោចណាស់ ៣៧៤ សំឡេង៕