ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិមកពីតាមបណ្ដាប្រទេស និងស្ថានប័ននានា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ នេះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ បានចាប់ផ្ដើមមកដល់ពីម៉ោងប្រមាណ ៩ព្រឹក រហូតដល់ម៉ោង ៧យប់ ក្នុងនោះអ្នកសង្កេតការណ៍តំណាងមកពីប្រទេសប្រទេសថៃ ឥណ្ឌា ទីម័រ មីយ៉ាន់ម៉ា រុស្ស៊ី និងប្រទេសហ្វីលីពីន បានអញ្ជើញមកដល់នាព្រឹកនេះ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីបណ្ដាប្រទេស ស្ថាប័ន អង្គការ សមាគមនានា ប្រមាណ ៩ ម៉ឺននាក់ ក្នុងនោះមានអ្នកសង្កេតការណ៍អន្តរជាតិជាង ៦០០ នាក់ដែលនឹងចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា៕