ភ្នំពេញ៖ ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ បានប្រកាសថា សមត្ថកិច្ចចិន នឹងសហការជាមួយសមត្ថកិច្ចកម្ពុជា រួមគ្នាបើកការស៊ើបអង្កេតចាប់ខ្លួនជន សង្ស័យជាក្រុមសង្គមងងឹតចិន ដែលប្រកាសបង្កភាពវឹកវរ នៅក្នុងខេត្តព្រះសីហនុ។
ការប្រកាសរបស់ស្ថានទូត ឲ្យសមត្ថកិច្ចប្រទេសទាំងពីរតាមចាប់ខ្លួនក្រុមពាលជនជាតិចិននេះ ធ្វើឡើងបន្ទាប់ពីបែកធ្លាយវីដេអូឃ្លីបរបស់បុរសចិនមួយក្រុម ដែលទំនងស្ថិតនៅក្នុងកន្លែងស្នាក់នៅរបស់ពួកគេ នៅក្នុងខេត្តព្រះសីហនុ ហើយតាមរយៈវីដេអូឃ្លីប ដែលពួកវាបានស្រែកប្រកាសជាភាសាចិន ដោយមានបរិវា១៨នាក់លើកដៃប្តេជ្ញា បង្កបញ្ហាអសន្តិសុខនៅក្នុងខេត្តព្រះសីហនុ។
ស្ថានទូតចិន បានប្រកាសជាភាសាខ្មែរ និងភាសាចិន នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតថា «ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះវីដេអូជនជាតិចិនសង្ស័យពាក់ព័ន្ធនឹងសង្គមងងឹត ដែលត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមក្នុងពេលថ្មីៗនេះ បុរសជាងដប់នាក់ដែលហៅខ្លួនឯងជាជនជាតិចិនមកពីទីក្រុង [ចុងឈីង ប្រទេសចិន] បានបង្ហោះវីដេអូខ្លីមួយពាក់ព័ន្ធនឹងសកម្មភាពសង្គមងងឹត និយាយយ៉ាងក្អេងក្អាងថា នឹងបំពុលដល់សន្តិសុខនៅខេត្តព្រះសីហនុ។
«ស្ថានទូតចិនប្រចាំកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ និងបានជួយសម្របសម្រួលដល់សមត្ថកិច្ចនៃប្រទេសចិន និងកម្ពុជា ដេីម្បីបេីកការស៊េីបអង្កេតឲ្យបានគ្រប់ជ្រុងជ្រោយលេីបញ្ហាមួយនេះ»។
ក្រោយពីបែកធ្លាយវីដេអូភ្លាម កាលព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតនេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាដាច់ខាត ឲ្យសម្ត្ថកិច្ចតាមចាប់ខ្លួនបុរសជនជាតិចិនមួយក្រុមនេះ ដែលបានស្រែកប្រកាសខ្លាំងៗ ជាភាសាចិនថា «កំពង់សោម៣ឆ្នាំក្រោយ ចង់ឲ្យវឹកវរ គឺវឹកវរ ចង់ឲ្យសុវត្ថិភាព គឺសុវត្ថិភាព»៕
