ភ្នំពេញ: កញ្ញា អ៊ឹង ឈីវលី ហៅថា លីលី ដែលជាកូនស្រីពៅ លោកជំទាវឧកញ៉ា កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិត នំស្រួយលីលី នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះបានរៀបចំពិធីភ្ជាប់ពាក្យ ជាមួយ លោក សុខ សង្វារ កូនប្រុសពៅរបស់សម្ដេចវិបុលបញ្ញា សុខ អាន អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ។


ពិធីរៀបចំឡើងក្រោមវត្តមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច លោកជំទាវ អាន្នី សុខអាន ជាមាតាខាងកូនប្រុស លោកជំទាវឧកញ៉ា កែវ មុំ ជាមាតាខាងកូនស្រី អ្នកឧកញ៉ា សំ អាង អ្នកឧកញ៉ា ឈុន លាង ព្រមទាំងញាតិមិត្តជិតខាងជាច្រើនរូបបានអញ្ជើញផ្តល់កិត្តិយសក្នុងពីធីចែចាវស្តីដណ្តឹងតាមប្រពៃណីខ្មែរ។

កញ្ញា អ៊ឹង ឈីវលី ជាអគ្គនាយិកា (CEO) របស់ក្រុមហ៊ុនផលិតនំស្រួយ លីលី គឺជាបញ្ញវន្តខ្មែរ ដែលបានបញ្ចប់ការសិក្សាកម្រិតជាន់ខ្ពស់ មកពីក្រៅប្រទេស។ចំណែកលោក សុខ សង្វារ ជាកូនពៅរបស់សម្តេច សុខ អាន ក្នុងចំណោមកូនទាំង៥នាក់ បច្ចុប្បន្នអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍។
លោក សុខ សង្វារ មានវ័យ ៣៦ឆ្នាំ បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកបដិសណ្ឋារកិច្ច និងគ្រប់គ្រងទេស ចរណ៍ នៅវិទ្យាស្ថានឧត្តមសិក្សា គ្លីយុង (GLION) ទីក្រុងប៊ូឡល ប្រទេសស្វីស នៅឆ្នាំ២០០៨។
បច្ចុប្បន្ននេះ កញ្ញា លីលី បានឡើងកាន់តំណែងជាអគ្គនាយិកាក្រុមហ៊ុន ផលិតនំស្រួយ លីលី ចាប់តាំងពីខែឧសភា ឆ្នាំ២០២០។




