កណ្តាល៖ លោកប្រធានសាខា ក.ប.ប. ខេត្តកណ្តាល នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានដឹកនាំកម្លាំងមន្ត្រីជំនាញរបស់ខ្លួន ចុះទៅដល់ទីតាំងដេប៉ូប្រេងឥន្ធនៈ១កន្លែងស្ថិតក្នុងភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ដោយធ្វើការត្រួតពិនិត្យយ៉ាងហ្មត់ច៉ត់តាមរយៈការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យប្រេងឥន្ធនៈ (Pumpwatch)។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញថា ដេប៉ូខាងលើមានការលម្អៀងផ្នែកបរិមាណ(បន្លំលីត្រ)ទាំងប្រេងសាំងធម្មតា (លម្អៀង៤.៨ល/១០០ល) និងប្រេងម៉ាស៊ូត (លម្អៀង៣.១ល/១០០ល)។ ដូចនេះ មន្ត្រីយើងបានអនុវិធានការតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ជាធរមាន និងបានឱ្យម្ចាស់ដេប៉ូនោះធ្វើកិច្ចសន្យាកែតម្រូវជាដាច់ខាត។
ជាមួយគ្នានេះដែរ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ កណ្តាល កំពត ស្វាយរៀង និងខេត្តកំពង់ធំ នាថ្ងៃខែឆ្នាំដដែល មន្ត្រី ក.ប.ប. បានបន្តត្រួតពិនិត្យអនុលោមភាពលើស្ថានីយ ដេប៉ូប្រេងឥន្ធនៈ សរុបចំនួន១៥ទីតាំង ដោយបានរកឃើញថាមានដេប៉ូប្រេងឥន្ធនៈ ចំនួន ២ទីតាំង ពុំមានអនុលោមភាពផ្នែកបរិមាណ និងបានទទួលរងនូវការពិន័យអន្តរការណ៍ពីមន្ត្រីជំនាញ ហើយក៏បានធ្វើកិច្ចសន្យាកែតម្រូវផងដែរ។
ដោយឡែកនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មន្ត្រី ក.ប.ប. បានចុះអង្កេត និងតាមដានតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយ ដេប៉ូ បានចំនួន ៦ទីតាំង ក្នុងខណ្ឌទួលគោក និងខណ្ឌមានជ័យ ដែលពុំមានស្ថានីយ ដេប៉ូណាដាក់លក់លើសតម្លៃ កំណត់ដោយក្រសួងពាណិជ្ជកម្មនោះទេ៕

