
ក្នុងជំនួបជាមួយលោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា និងលោកបណ្ឌិត Heo Jang ប្រធានគម្រោង ក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី នៅកម្ពុជា នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
លោកបណ្ឌិត Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួម លើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថា «កន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាន នាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។
ហេតុដូចនេះ សមាគមធនធានកសិឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណង ក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការ របស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជា ក្នុងការនាំចេញទៅទីផ្សារពិភពលោក» ។
លោក រាជ រ៉ា លោករដ្ឋលេខាធិការ បានបង្ហាញនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណដល់ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េ នៅក្រៅប្រទេស (AOAA) ដែលមានបំណងក្នុងការចូលរួម លើកស្ទួយវិស័យស្វាយចន្ទីនៅកម្ពុជា ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ពី គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ដែលទើបទទួលបានការអនុម័ត ពីកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ និងប្រកាសផ្សព្វផ្សាយឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ ក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ ដែលទើបតែចូលជាធរមានកាលពីចុងឆ្នាំ២០២២ កន្លងទៅ។
បន្ថែមពីលើនេះ លោករដ្ឋលេខាធិការ ក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េ បន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទី ក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើន ដោយសារប្រទេសទាំងពីរមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕
