ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញា បម្រើជាតិ មាតុភូមិ និងប្រជាជន ឱ្យអស់ពីសមត្ថភាព

ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានធ្វើការ ប្តេជ្ញាចិត្តខិតខំឱ្យអស់ ពីសមត្ថភាព ដើម្បីបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ។ ជាមួយការអរគុណ ចំពោះសារអបអរសាទរ ក្នុងឱកាសដែលព្រះមហាក្សត្រចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា

តាមរយៈបណ្ដាញសង្គមតេលេក្រាម នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះ សម្ដេច ឯកឧត្តមលោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោកតាលោកយាយ លោកអ៊ំ ពូមីង បងប្អូន ក្មួយៗ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ដែលបានផ្ញើសារ អបអរសាទរ ចំពោះរូបលោក ក្នុងឱកាសដែល ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំង ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

លោកបណ្ឌិត បានបញ្ជាក់ថា «ទាំងនេះគឺជាការលើកទឹកចិត្ត ដ៏មហិមាចំពោះរូបខ្ញុំ ដោយខ្ញុំសូមប្តេជ្ញាចិត្ត ខិតខំអោយអស់ ពីសមត្ថភាព ដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន តាមរយៈការថែរក្សា អោយបានជាដាច់ខាត នូវសុខសន្តិភាព ស្ថិរភាព និងការជំរុញការអភិវឌ្ឍប្រទេសប្រកបដោយបរិយាបន្ន សំដៅធ្វើយ៉ាងណា ពង្រឹងកំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាព រស់នៅរបស់ប្រជាជន ក៏ដូចជាការលើកស្ទួយ កិត្យានុភាពកម្ពុជា នៅលើឆាកអន្តរជាតិ» ៕