ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន បានចេញសារជាសំឡេងនារាត្រីថ្ងៃ៩ សីហា នេះ ទាក់ទងទៅនឹងប្រធានរដ្ឋសភាថ្មី គឺលោកស្រី ឃួន សុដារីអនុប្រធានរដ្ឋសភាទី២នាពេលបច្ចុប្បន្ននឹងឡើងជាប្រធានរដ្ឋសភាថ្មី ជំនួសសម្តេច ហេង សំរិន ។
ជាមួយនឹងការប្រកាសសមាសភាពថ្មីនៃប្រធានរដ្ឋសភានេះ សម្តេចថា ក្នុងនោះលោក ជាម យៀម នៅតែជាអនុប្រធានទី១នៃរដ្ឋសភាដដែល ខណៈលោក វង សូត្រ ជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ចដែលជាកូនប្រសារសម្តេចហេង សំរិន នឹងឡើងជាអនុប្រធានរដ្ឋសភាទី២ផងដែរ ។
ការឡើងសារជាសំឡេងជាបន្ទាន់ភ្លាមៗជាង៨នាទីនេះ ត្រូវបានសម្តេចអះអាងថា ដោយសារសម្តេចបានឃើញការផ្សាយរបស់វិទ្យុអាស៊ីសេរីថា គណបក្សប្រជាជនកម្ពុជាកំពុងមានទំនាស់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ឈានដល់ការបែកបាក់ ដោយសារសម្តេចម៉ែន សំអន និងសម្តេច ទៀ បាញ់ មិនបានចេញសារអបអរសាទរចំពោះការចេញព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្របង្គាប់តែងតាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនីតិកាលទី៧ ក្នុងគ្រាសម្តេច ស ខេង បានចេញសារគាំទ្រ។
ចំពោះការចោទប្រកាន់យ៉ាងគឃ្លើនពីសំណាក់វិទ្យុអាស៊ីសេរីនេះត្រូវបានសម្តេចតេជោអះអាងថា គណបក្សប្រជាជនកម្ពុជាគ្មានជម្លោះផ្ទៃក្នុងកើតឡើងនោះទេ ។
ដោយសម្តេចបញ្ជាក់ទៅកាន់វិទ្យុនេះថា បើកាន់តែចង់ដឹងច្បាស់ចាំលទ្ធផលថ្ងៃស្អែក អំពីសមាសភាពគណៈរដ្ឋមន្រ្តីថ្មី។
សម្ដេចតេជោ បញ្ជាក់ថា “គេគិតថា គណបក្សប្រជាជនកំពុងដណ្តើមអំណាចទាក់ទងទិនទៅនឹងបេក្ខជនប្រធានរដ្ឋសភា ខ្ញុំសូមជម្រាបអស់លោកឲ្យបានជ្រាបថា បេក្ខជនតំណែងប្រធានរដ្ឋសភា ត្រូវបានរៀបចំតាំងពីចុងឆ្នាំ២០២១មកម្ល៉េះ ។ ខ្ញុំសូមជម្រាបអស់លោកឲ្យបានជ្រាបថា លោកជំទាវ ឃួន សុដារី បច្ចុប្បន្នជាអនុប្រធានទី២នៃរដ្ឋសភា នឹងក្លាយទៅជាប្រធានរដ្ឋសភានាពេលខាងមុខ”៕