ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប

ភ្នំពេញ៖ កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ (Maria Del Carmen Moreno) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា ដែលបញ្ចប់អាណត្តិ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត។
នៅក្នុងជំនួបនេះ លោកស្រី ម៉ារីយា ដែល ខាមែន ម៉ូរេណូ បានសម្តែងនូវការអបអរសាទរចំពោះ កិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា។

លោកស្រីក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះជោគជ័យជាច្រើនកន្លងមករបស់កម្ពុជា តាមរយៈ ការគ្រប់គ្រងវិបត្តិនៃជំងឺកូវីដ-១៩, ការដាក់ចេញនូវកម្មវិធីជំនួយសង្គម ដ៏មានប្រសិទ្ធភាព, និង ការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រកបដោយមោទនភាព។
លោកស្រី ក៏បានបង្ហាញនូវជំហរដ៏មុតមាំរបស់សហភាពអឺរ៉ុប ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធបន្ថែមទៀតជាមួយកម្ពុជា ជាពិសេស ជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។
ជាកិច្ចឆ្លើយតប, កិត្តិទេសាភិបាលបណ្ឌិត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទររបស់លោកស្រី ក៏ដូចជាកិច្ចសហប្រតិបត្តិការស្អិតរមួតកន្លងមក រវាងកម្ពុជា និងសហភាពអឺរ៉ុប។

កិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីនិរន្តរភាពនៃគោលនយោបា​យនៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលបន្តចាប់តាំងពីការដាក់ចេញយុទ្ធសាស្រ្តត្រីកោណ និង យុទ្ធសាស្រ្តចតុកោណទាំង ៤ ដំណាក់កាល, ហើយសម្រាប់អាណត្តិនេះ ឆ្ពោះទៅមុខរាជរដ្ឋាភិបាលនឹងផ្តោតជាពិសេសបំផុតទៅលើការកសាងមូលធនមនុស្ស, ការកែទម្រង់វិស័យសុខាភិបាលនៅថ្នាក់មូលដ្ឋាន និងការកែទម្រង់វិស័យមុខងារសាធារណៈ។
ថ្នាក់ដឹកនាំទាំងពីរ បានប្តេជ្ញាបន្តជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និង សហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធបន្ថែមទៀត ក៏ដូចជាការពង្រីកទិសដៅកិច្ចសហប្រតិបត្តិការទៅលើវិស័យថ្មីៗបន្ថែមទៀត ដូចជា៖ វិស័យអប់រំ និង ការអភិវឌ្ឍធនធានមនុស្ស, វិស័យសុខាភិបាល និងវិស័យមុខងារសាធារណៈ ដែលជាកិច្ចការសំខាន់ និងចាំបាច់ក្នុងការចូលរួមកសាងនូវស័ក្ដិសិទ្ធភាព និង ប្រសិទ្ធភាព ក្នុងការផ្ដល់សេវាសាធារណៈ។
កិត្តិទេសាភិបាលបណ្ឌិត ក៏បានស្នើឱ្យសហភាពអឺរ៉ុបបន្តពិចារណាគាំទ្រ និងផ្តល់ហិរញ្ញប្បទានលើ «កម្មវិធីសូចនាករពហុឆ្នាំ២០២១-២០២៧ ដំណាក់កាលទី២» បន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងការនាំចេញរបស់កម្ពុជាឆ្ពោះទៅកាន់ទីផ្សារសហភាពអឺរ៉ុប។

ភ្ជាប់ជាមួយនឹងការជម្រាបលា លោកស្រីអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានគោរពជម្រាបជូន កិត្តិទេសាភិបាលបណ្ឌិត ថាលោកស្រីនឹងបន្តបេសសកកម្មបន្ទាប់នៅប្រទេសស្រីលង្កា និងពាំនាំនូវកិច្ចដំណើរបង្រួបបង្រួមជាតិដ៏ជោគជ័យរបស់កម្ពុជា ដើម្បីចែករំលែកនៅទីនោះ៕