តាកែវៈ ប្រជាពលរដ្ឋរស់នៅ ស្រុកគិរីវង់ បានរិះគន់ទៅលើលោក ជ្រិន ឆាយ ដែលមានតួនាទីជា អនុប្រធានប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងភរិយាឈ្មោះ ស៊ីម សុផា ពីរឿងចាក់អាចម៍ដីចូល អាងទឹកទន្លាប់ ដែលអ្នកស្រុកហៅថាបឹងទន្លាប់ ដើម្បីធ្វើរបងថ្មរឹងមាំដោយពួកគេសម្អាងថា ដីមានប្លង់កម្មសិទ្ធិស្របច្បាប់។
ផ្ទៃបឹងទន្លាប់ធម្មជាតិដ៏ស្រស់បំពងមានវិសាលភាពធំធេងល្វឹងល្វើយខ្យល់អាកាសល្អបរិសុទ្ធដែលគួរឱ្យចង់គយគន់នោះស្ថិតនៅ ភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខែត្រតាកែវ។
លោក ជ្រិន ឆាយ និងភរិយាឈ្មោះ ស៊ីម សុផា ជាគ្រួសារមានទ្រព្យសម្បត្តិស្ដុកស្តម្ភ និងមានអំណាចឥទ្ធិពលពីឪពុកក្មេក និងឪពុកបង្កើត គឺលោក តឹក តុងលីម ដែលជា អតីតអភិបាល ស្រុកគិរីវង់ សព្វថ្ងៃជា ប្រធានក្រុមប្រឹក្សា ស្រុកគិរីវង់ ខែត្រតាកែវ។
ផ្ទៃច្រាំងមាត់បឹងទន្លាប់ដែលលោក ជ្រិន ឆាយ ចាក់អាចម៍ដីបំពេញដើម្បីធ្វើរបងកម្មសិទ្ធិនោះមានទំហំ៤៨៤ម៉ែត្រការ៉េ ដែលបានទិញពីលោកគ្រូ ម៉ែន ដាំ និង
ភរិយាឈ្មោះ ឥន្ធ ម៉ាលី រស់នៅខាងលិចផ្សារទន្លាប់ ភូមិកំពង់ ព្រះបាទជាន់ជុំ ស្រុកគិរីវង់។
ដីខាងលើនេះបានធ្វើប្លង់កម្មសិទ្ធិនៅក្នុង ឆ្នាំ២០០៦ ធ្វើលក្ខណៈជាប្រព័ន្ធ ហើយបានផ្ទេរកម្មសិទ្ធិ ឬលក់ឱ្យក្រុមគ្រួសារលោក ជ្រិន ឆាយ នៅក្នុង ឆ្នាំ២០១៨។ ការចាក់អាចម៍ដីនេះ មិនមែនមានដីទំហំ៤៨៤ម៉ែត្រការ៉េនោះទេ បើបូករួមដីកេរ្ដិ៍របស់លោក តឹក តុងលីម ចែកឱ្យកូនថែមទៀតនោះ។
សកម្មភាពចាក់អាចម៍ដីចូល បឹងទន្លាប់ នោះត្រូវបានផ្អាកសកម្មភាពហើយបន្ទាប់ពីមាន គណៈកម្មការចម្រុះ ខែត្រតាកែវ និង ស្រុកគិរីវង់ ចុះពិនិត្យជាក់ស្ដែងដល់កន្លែងដីផ្ទាល់ដោយបានបោះបង្គោលថ្ម និងបាញ់ថ្នាំក្រហមជាសម្គាល់ថែមទៀតផង។
ប្រភពពីប្រជាពលរដ្ឋរស់នៅ ស្រុកគិរីវង់ បានលើកឡើងថា សកម្មភាពចាក់អាចម៍ដីយ៉ាងគគ្រឹគគគ្រេង ហាក់មិនមានការព្រួយបារម្ភអ្វីឡើយនឹងច្បាប់ទន្លាប់នោះ ដោយពួកគេសម្អាងទៅលើប្លង់រឹងដែលបានធ្វើ នឹងអាងខ្លួនមានបុណ្យស័ក្ដិ និងទ្រព្យសម្បត្តិច្រើននៅក្នុង ស្រុកគិរីវង់។ ពុំឃើញមានអាជ្ញាធរ ឬក៍មន្ត្រីជំនាញណាហ៊ានហាមឃាត់នៅពេលធ្វើសកម្មភាពភ្លាមៗនោះទេ។ ពលរដ្ឋរស់នៅតំបន់នោះលើកឡើងទៀតថា ពួកគាត់រស់នៅអាស្រ័យផលជុំវិញបឹងនោះដែរ មិនទាន់មានប្លង់កម្មសិទ្ធិនឹងគេទេ។
លោក ជ្រិន ឆាយ មានវ័យ៤៥ឆ្នាំកូនខ្មែរកាត់ចិន រស់នៅភូមិឃុំខាងលើ បានធ្វើលិខិតស្នើសុំចាក់បំពេញអាចម៍ដីលំនៅដ្ឋាន រោងចក្រសហគ្រាសរបស់ខ្លួនបំពេញប្លង់លេខ១៨៥២ មានទំហំ៤៨៤ម៉ែត្រការ៉េ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ នៅក្នុងពាក្យស្នើសុំនោះមានការទទួលស្គាល់ដឹងឮពីលោក ទេព កន មេឃុំព្រះបាទជាន់ជុំ និងលោក ងួន ឌីណា អភិបាល ស្រុកគិរីវង់ ។
ដោយមានការរិះគន់ពីសំណាក់មហាជនទូទៅ ក៍ដូចជាការចុះផ្សាយកាសែតក្នុងស្រុកនានា សាលាស្រុកគិរីវង់ ក៍បានចេញលិខិតបំភ្លឺមួយចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ថា «នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ក្រុមការងាររដ្ឋបាលស្រុក រួមជាមួយអាជ្ញាធរឃុំបានចុះ
ពិនិត្យដោយផ្ទាល់ជាក់ស្ដែងនៅនឹងទីតាំងចាក់បំពេញអាចម៍ដី បានពិនិត្យឃើញថា ទីតាំងដីដែលបានចាក់បំពេញនោះ គឺបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវនៅ ការិយាល័យច្រកចេញចូលតែមួយ របស់រដ្ឋបាល ស្រុកគិរីវង់ ហើយដីមានវិញ្ញាបនបត្រសម្គាល់ ម្ចាស់អចលនវត្ថុត្រឹមត្រូវ ជាប្រភេទដីលំនៅដ្ឋាន ដែលបានចេញតាំងពី ឆ្នាំ២០០៦»។
យោងតាមប្រភពពីមន្ត្រីម្នាក់បម្រើការងារនៅ ស្រុកគិរីវង់ សុំមិនបញ្ចេញឈ្មោះប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ថា ការចាក់បំពេញអាចម៍ដីខាងលើដែលមានរយៈពេលជាង២សប្ដាហ៍មកហើយ។ ឥឡូវនេះ គេបានផ្អាកសកម្មភាពហើយបន្ទាប់ពីមាន
គណៈកម្មការ ខែត្រតាកែវ និង ស្រុកគិរីវង់ ចុះត្រួតពិនិត្យផ្ទៀងផ្ទាត់មើលកន្លែងដីជាក់ស្ដែង។ គណៈកម្មការ ក៍បានបោះបង្គោលថ្មនិង
បាញ់ថ្នាំពណ៌ក្រហមដើម្បីកុំឱ្យមានការចាក់ដីរុលចូលទៅក្នុងបឹងថែមទៀត។
អ្នកតាមដានព័ត៌មានក្នុង បណ្ដាញសង្គមហ្វេសប៊ុក និងតេឡេក្រាម ក៍ដូចជាអ្នក ស្រុកគិរីវង់ បានសំណូមពរដល់មន្ត្រីជំនាញពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ជាពិសេសលោក អ៊ូច ភា អភិបាល ខែត្រតាកែវ សូមមេត្តាចាត់មន្ត្រីជំនាញចុះមកពិនិត្យទីតាំង
នោះផងដើម្បីកុំឲ្យ បឹងទន្លាប់ ដែលជាសម្បត្តិសាធារណៈរបស់រដ្ឋធ្លាក់ទៅក្នុងកណ្តាប់ដៃ អ្នកមានលុយ មានអំណាច នៃបុគ្គលមួយចំនួនតូច។
សូមបញ្ជាក់ថា បើយោងតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ដីចំណីមាត់បឹង គេត្រូវរក្សាទុកទំហំ៥០ម៉ែត្រពីច្រាំង។ ប៉ុន្តែសព្វថ្ងៃនេះមានមនុស្សមួយចំនួនបានរំលោភយកសម្បត្តិសាធារណៈរបស់រដ្ឋដូចជា បឹង បួរ ស្ទឹង ព្រែក សមុទ្រ ដោយគ្មានខ្លាចញញើតនឹងច្បាប់អ្វីបន្តិចសោះឡើយ៕


