ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូនេស៊ីចាប់ថ្ងៃទី០៤-០៧ ខែកញ្ញា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស កម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាននៅឥណ្ឌូនេស៊ី នឹងធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» កិច្ចប្រជុំកំពូលនឹងផ្តោតលើការជំរុញចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ដែលផ្តល់ជាផែនទីចង្អុលផ្លូវមួយដ៏សំខាន់សម្រាប់ការពង្រឹងឥទ្ធិពលអាស៊ាន តាមរយៈការបង្កើនប្រសិទ្ធភាពស្ថាប័ន ក្នុងគោលដៅស្វែងរកផលប្រយោជន៍សម្រាប់ប្រជាជនរបស់ខ្លួននៅលើឆាកអន្តរជាតិ។
បន្ថែមពីនេះ ការពិភាក្សានឹងផ្តោតការយកចិត្តទុកដាក់លើការពូនជ្រុំសហគមន៍អាស៊ានប្រកបដោយបរិយាប័ន្ន ចក្ខុវិស័យវែងឆ្ងាយ និងយកប្រជាជនជាស្នូល ដែលជាកម្លាំងដ៏សំខាន់ ដើម្បីសម្រេចបាននូវអាស៊ានឆ្នាំ២០៤៥។
របៀបវារៈសំខាន់ៗនៅកិច្ចប្រជុំ រួមមានកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច ស្តីពីមីយ៉ាន់ម៉ា និងសេចក្តីសម្រេចផ្សេងៗទៀតរបស់ថ្នាក់ដឹកនាំអាស៊ាន។ ថ្នាក់ដឹកនាំអាស៊ាន ក៏នឹងពិភាក្សាលើទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិដែលជាក្តីបារម្ភរួម។
ក្នុងអំឡុងពេលទស្សនកិច្ចនៅរដ្ឋធានីហ្សាការតា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកប្រធានាធិបតី ចូកូ វីដូដូ។ សម្តេចនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ាន និងថ្នាក់ដឹកនាំពិភពលោកសំខាន់ៗមួយចំនួនទៀត។
សូមបញ្ជាក់ថា ដំណើរចេញទៅកាន់ប្រទេសឥណ្ឌូនេស៊ីពេលនេះ គឺជាការបង្ហាញមុខលើកដំបូងក្នុងឆាកអន្តរជាតិរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា៕

