ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ក្រសួង​ការងារប្រាប់ពលរដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency

​ភ្នំពេញ​៖ ក្រោយពី​សម្តេច​តេ​ជោ ហ៊ុន សែន ប្រកាស​ពី​ក្រុមហ៊ុន GCG Asia ជា​ក្រុមហ៊ុន​រកស៊ី​មិន​ត្រឹមត្រូវ​រួចមក នៅ​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៩ លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ប្រាប់​ពលរ​ដ្ឋ​ខ្មែរ នៅ​កូរ៉េ កុំ​ឲ្យ​ចាញ់បោក​ការឃោសនា​លក់​កាក់ Crypto Currency​។ កាក់ Crypto Currency មិន​ស្របច្បាប់​នោះទេ​។​

​ដោយ​ភ្ជាប់​នឹង​ព័ត៌មាន​របស់​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃទី​១៧​ឧសភា​នេះ លោក ហេង សួរ បាន​លើកឡើងថា “​តាមរយៈ​ព័ត៌មាន​នេះ ខ្ញុំ​នឹកឃើញ​កន្លងទៅ​ឮ​ព្រះអង្គ ពៅ​សុភ័ក្ត្រ មាន​សង្ឃ​ដិ​កា​ថា មាន​អ្នក​ខិលខូច​ពី​ខ្មែរ និង​ម៉ាឡេស៊ី មួយចំនួន​បាន​ឡើងទៅ​កូរ៉េ ឃោសនា​លក់​កាក់ Crypto Currency ឲ្យ​សហគមន៍​ខ្មែរ​នៅ​កូរ៉េ​។ សូម​បងប្អូន​ប្រយ័ត្ន​ចាញ់បោក​ជនខិលខូច​ទាំងនោះ​។ Crypto Currency គឺ​មិន​ស្របច្បាប់​ទេ​”​។​

​លោក ហេង សួរ បន្តថា “​អ្នក​ដែល​បាន​ប្រយោជន៍​ខ្លាំង គឺ​មេ​ខ្សែ​។ រីឯ​កូន​បន្តបន្ទាប់ នឹង​ផុងខ្លួន​ខំ​ដើរ​លក់ ឬ​ឃោសនា​បន្ត ដើម្បី​បាន​ភាគរយ​ឲ្យ​ទៅ​មេ​ខ្សែ និង​ដើម្បី​បាន​ប្រមូល​ដើម​របស់ខ្លួន​មកវិញ​ខ្លះ​។ មាន​ថវិកា​ដែល​សន្សំ​បាន​គួរ ជូន​អ្នកផ្ទះ​ពង្រីក​ដីស្រែ​ចំការ ផ្ទះសំបែង មុខរបរ និង​ការសិក្សា​បន្ត​របស់​ប្អូនៗ ប្រសើរ​ជាង​ចិត្ត​លោភលន់​ទិញ​កាក់​ខ្យល់​ខុសច្បាប់ តាម​ការឃោសនា​របស់​ក្រុម​បណ្តាញ​លក់ Crypto Currency”៕