ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងការពារជាតិមួយរូបគឺ លោក ស ថាវី ត្រូវបានតែងតាំងជាទីប្រក្សាសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជានកម្ពុជា កាលពីថ្ងៃទី១៩ ខែកញ្ញាឆ្នាំ២០២៣។
លោក ស ថាវី បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតអភិបាលនៃគណៈអភិបាលខេត្តឧត្តមានជ័យ។ អនុរដ្ឋលេខាធិការ ស ថាវី បានលើកឡើងថា នេះជាកិត្តិយសធំណាស់ដែលសម្តេចតេជោ ប្រធានគណបក្សបានផ្តល់សេចក្តីទុកចិត្តតែងតាំងជាទីប្រឹក្សា ហើយស្របពេលដែលស្រុកទេសមានសន្តិភាពពេញលេញ ពោល បញ្ហាសន្តិសុខក៏ត្រូវបានគ្រប់គ្រងឱ្យមានសុខសន្តិភាពពេញផ្ទៃប្រទេសផងដែរ។

អនុរដ្ឋលេខាធិការរូបនេះបានបញ្ជាក់ទៀតថា ប្រសិនបើយើងមើលរំលងអំពីតម្លៃសន្តិភាព នោះយើងមិនដឹងថា សន្តិភាពមានអត្ថន័យយ៉ាងណានោះទេ សន្តិភាព គឺមានតម្លៃយ៉ាងដូច្នេះ ការធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថានភាពធូរស្រាល ការរីកចម្រើនផ្នែកអាជីវកម្ម ពាណិជ្ជកម្ម វិនិយោគនិងសេដ្ឋកិច្ច ការធ្វើឲ្យទីផ្សារសេរីចាក់ឫសលូតលាស់ប្រៀបដូចនឹងសរសៃឈាមមនុស្ស ការរស់នៅប្រកបដោយសុខដុមនីយកម្ម ដែលយើងកំពុងតែមានសព្វថ្ងៃនេះ និងកំពុងបង្កើនសក្ដានុពលថែមទៀត៕




