(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ទាំង២៥។
លោកប្រតិភូ បានមានប្រសាសន៍ថ្លែងអំណរគុណដល់ លោក លោកស្រី ជាអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានសាខា និងអនុប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ដែលបានអញ្ជើញចូលរួមនាពេលនេះ។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្ដល់ឱ្យឯកឧត្ដម លោក ប្រធានសាខា ទាំង២៥ ធ្វើរបាយការណ៍សង្ខេបនូវការអនុវត្តការងារក្នុងរយៈពេលក្នុងមួយខែកញ្ញា ព្រមទាំងពិភាក្សា និងដោះស្រាយលើបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះពេលកំពុងអនុវត្តការងារ។
ការអនុវត្តការងាររបស់អគ្គនាយកដ្ឋាន ក.ប.ប. សំដៅដល់ការពារផលប្រយោជន៍ដល់អ្នកប្រើប្រាស់ និងការចូលរួមលើកកម្ពស់ការប្រកួប្រជែងដោយសុចរិត ព្រមទាំងធានាសុវត្ថិភាព គុណភាព អនាម័យនៃម្ហូបអាហារ ផងដែរ។


























