(រាជធានីភ្នំពេញ)៖អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ«ក.ប.ប.»សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ)បានរៀបចំ «វគ្គបណ្តុះបណ្តាលស្ដីពីការពង្រឹងសមត្ថភាពមន្ត្រីលើការអនុវត្ តបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា»នៅទីស្នាក់ការអគ្គនាយកដ្ឋាន ក.ប.ប.។
កម្មវិធីនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប.និងលោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍វិស័យឯកជន (GIZ)។
សមាសភាពចូលរួមក្នុងវគ្គបណ្តុះបណ្តាលខាងលើរួមមាន លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានសាខា ក.ប.ប. រាជធានី ខេត្ត ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការនៃអគ្គនាយកដ្ឋាន ក.ប.ប. សរុបប្រមាណ ៣០០នាក់។
គោលបំណងក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាផ្នែកមួយក្នុងការជួយពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់ ជាពិសេសបានស្វែងយល់បន្ថែមអំពីការអនុវត្តបទប្បញ្ញត្តិថ្មីៗពាក់ព័ន្ធនឹងអនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច និងអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា និងផ្លាស់ប្ដូរបទពិសោធន៍នានា សម្រាប់ការអនុវត្តច្បាប់របស់អគ្គនាយកដ្ឋាន ក.ប.ប. បន្ថែមទៀត។
ជាពិសេសព្រមទាំងបានផ្តល់ឱកាសដល់វាគ្មិនដែលធ្លាប់មានបទពិសោធន៍បានរចែករំលែកបទពិសោធន៍របស់ខ្លួនជូនដល់សិក្ខាកាមដែលបានចូលរួមទាំងអស់ពាក់ព័ន្ធនឹងលក្ខខណ្ឌនិងនីតិវិធីអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច ព្រមទាំងការអនុវត្តអនុក្រឹត្យស្តីពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះលោក ផាន អូន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវត្រងត្រាប់ស្តាប់គ្រូឧទ្ទេសនាមនិងលើកឱ្យអស់នូវបញ្ហានានាដែលបានជួបប្រទះក្នុងកំឡុងពេលអនុវត្តច្បាប់ ព្រមទាំងស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីឆ្លើយតបទៅបញ្ហាប្រឈមនានាឱ្យមានភាពស្របគ្នាក្នុងការអនុវត្តច្បាប់និងឆ្លើយតបរាល់សំណួរនានាទៅសាធារណជន និង/ឬបុគ្គលពាក់ព័ន្ធ និងបន្តសិក្សារៀនសូត្រជានិច្ច ព្រោះអគ្គនាយកដ្ឋាន ក.ប.ប. តែងតែបន្តរៀបចំនូវបទប្បញ្ញត្តិថ្មីៗ សម្រាប់គាំទ្រដំណើរការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធធ្វើយ៉ាងណាឱ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕













