ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាជ្ញាធរខណ្ឌសែនសុខ បំភ្លឺជុំវិញបណ្តឹងរបស់លោក វ៉ាន់ អៀង ដែលបានប្តឹងចោទថា លោក ស៊ុន ច័ន្ទថន បានសាងសង់លើដីផ្លូវសាធារណៈ 

ភ្នំពេញ៖ បន្ទាប់ពីមានការផ្សាយរបស់ សារព័ត៌មាន ដេលីខ្មែរ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមកនេះ ដែលមានខ្លឹមសារថា«សាលារាជធានីភ្នំពេញ បានបញ្ជាឲ្យផ្អាក និងរុះរើសំណង់ ដែលសង់លើផ្លូវសាធារណៈ ប៉ុន្តែឈ្មោះ ស៊ុន ច័ន្ទថន បែរជាមិនស្តាប់ទៅវិញ» ហើយនៅថ្ងៃ ខែកញ្ញា នេះ អាជ្ញាធរខណ្ឌសែនសុខ បានបញ្ជាក់ភ្លាមៗ ពីប្រវត្តិពិតនៃដីជម្លោះរវាង លោក វ៉ាន់ អៀង និងលោក ស៊ុន ច័ន្ទថន ថា «ដីដែលលោក វ៉ាន់ អៀង ប្តឹងនោះ មិនមែនជាដីសាធារណៈនោះទេ ប៉ុន្តែគឺជាដីគម្លាតនគរូបនីយកម្មរបស់បូរីកាណាឌី យ៉ា»។

តាមការស្រាវជ្រាវនិងសម្ភាសន៍បន្ថែមជុំវិញវិវាទខាង លើនេះជាមួយ អាជ្ញាធរមូលដ្ឋាននៃខណ្ឌសែនសុខ បានបញ្ជាក់ថា ទីតាំងដែល លោក វ៉ាន់ អៀង និងឈ្មោះ សៀង ស្រីមុំ ស្នាក់នៅកំពុងកាន់កាប់ គឺជាអតីតដីផ្លូវ ក្នុងគម្រោង LMAP ដែលផ្នែកខាងជើងជាប់នឹងរបងបូរីកាណាឌីយ៉ា និងផ្នែកខាងត្បូងជាប់ដីឡូតិ៍កម្មសិទ្ធរបស់អ្នកឧកញ៉ា ហុង ពីវ ដែលគាត់បានទិញធ្វើជាបុរី ។ បន្ទាប់ពីខាងបុរីពិភពថ្មីបានបង្កើតផ្លូវ ០១ ខ្សែ នៅខាងត្បូងផ្ទះប្រជាពលរដ្ឋដែលបានប្តឹងលោក ស៊ុន ចាន់ថន ដើម្បីប្រើប្រាស់ជំនួសគម្រោងផ្លូវចាស់ដែលប្រជាពល រដ្ឋបានតាំងទីលំនៅរួចមក ទើបនៅឆ្នាំ ២០២២ អាជ្ញាធរមានសមត្ថកិច្ច បានរៀបចំធ្វើការចុះបញ្ជីផ្តល់ប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋដែលរស់នៅលើគម្រោងផ្លូវចាស់ ដោយសារតែមានការបង្កើតផ្លូវថ្មី ដែលប្រជាពលរដ្ឋអាចចរាចរបាន ជំនួសផ្លូវចាស់ ។

ចំពោះដីដែលលោក វ៉ាន់ អៀង និងលោកស្រី សៀង ស្រីមុំ បានប្ដឹង លោក ស៊ុន ចាន់ថន ថា បានសាងសង់រំលោភលើដីសាធារណៈគឺមិនមែននោះទេ ប៉ុន្តែគឺជាដី គម្លាតនគរូបនីយកម្មរបស់បូរីកាណាឌីយ៉ា ហើយបច្ចុប្បន្នប្រជាពលរដ្ឋចំនួន ៥៩ ខ្នងផ្ទះ ដែលរស់នៅសងខាងផ្ទះលោក ស៊ុន ចាន់ថន បានសាងសង់បិទ និងប្រើប្រាស់គម្លាតនគរូបនីយកម្មនេះរួចហើយ ។ចំពោះករណីនេះផងដែរ បន្ទាប់ពីបានទទួលពាក្យបណ្តឹង រដ្ឋបាលខណ្ឌសែនសុខ បានអញ្ជើញគូភាគីមកដោះស្រាយ និងបានចុះទៅដល់ទីតាំងជាបន្តបន្ទាប់ ប៉ុន្តែជាលទ្ធផលគឺគូភាគីមិនសះជាគ្នានៅឡើយទេ។