ភ្នំពេញ៖ លោក កៅ ទី ជាមេធាវីតំណាងឱ្យឈ្មោះ សយ សុភាក់ បានស្នើសុំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្បាលដី លេខ ៣៣២ ស្ថិតនៅភូមិស្វាយត្រង់ សង្កាត់កោះអង្គង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានឈ្មោះ ខាន់ ពុទ្ធី និង ប្រពន្ធឈ្មោះ វត្ថា ចាន់ធី មកឱ្យឈ្មោះ សយ សុភាក់ ជាម្ចាស់កម្មសិទ្ធិ ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដឹកនាំដោយលោក ទៀង កុស្សារៈ អនុប្រធានមន្ទីរ មានការចូលរួមពីប្រធាន អនុប្រធាន មន្ត្រី នៃការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង ភូមិបាល ក្រុងតាខ្មៅ, ការិយាល័យបច្ចេកទេសសុរិយោដីភូមិសាស្ត្រមន្ទី, មេធាវី កៅ ទី តំណាងឈ្មោះ សយ សុភាក់ ,ភាគីឈ្មោះ សយ សុភាក់, ភាគីឈ្មោះ វុត្ថា ចាន់ធី និងប្តី និងអ្នកពាក់ព័ន្ធ ។
លោក ទៀង កុស្សារៈ អនុប្រធានមន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ ខេត្តកណ្តាល បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជម្រាបមកមន្ទីរ ឱ្យពិនិត្យ និងរាយការណ៍ ករណីមេធាវីឈ្មោះ កៅ ទី តំណាងឱ្យឈ្មោះ សយ សុភាក់ ស្នើសុំផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុក្បាលដីលេខ ៣៣២ ស្ថិត នៅភូមិស្វាយត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានឈ្មោះ ខាន់ ពុទ្ធី និងប្រពន្ធឈ្មោះ វត្តា ចាន់ធី មកឱ្យឈ្មោះ សយ សុភាក់ ជាម្ចាស់កម្មសិទ្ធិ តាមលិខិតលេខ ៦២៤ ដនសអសដភ ចុះថ្ងៃទី១៥ ខែទី៣ ឆ្នាំ២០២២ ។
លោក កៅ ទី មេធាវី តំណាងឱ្យឈ្មោះ សយ សុភាក់ បានបញ្ជាក់ថា កូនក្តីខ្ញុំបាទ បានរៀបអាពាហ៍ពិពាហ៍ជាមួយ ឈ្មោះ វុត្ថា រ៉ាអ៊ី មានសំបុត្រអាពាហ៍ពិពាហ៍ លេខ ៣៧ ចុះថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ និងមានកូនស្រីម្នាក់ឈ្មោះ ចាន់ ស្រីយីញ កើតថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៦។ ក្នុងឆ្នាំ២០១៥ ឪពុករបស់កូនក្តី ឈ្មោះ ឈិន វុត្ថា បានធ្វើ អំណោយដីទំហំទទឹង ១៤,៥ គុណបណ្តោយ ១០០ម៉ែត្រ ស្ថិតនៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ឱ្យមកកូនក្តីខ្ញុំបាទ ដើម្បីកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផល តាមរយៈលិខិតអំណោយ ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៥ មានហត្ថលេខា និងត្រាដោយ អាជ្ញាធរឃុំកោះអន្លង់ចិន។ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រពន្ធរបស់ កូនក្តីខ្ញុំបាទ បានទទួលមរណភាព ដែលមានលិខិតលេខ ២៩ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨។ តាមបណ្តាំរបស់ ប្រពន្ធកូនក្តី និងតាមលិខិតបញ្ជាក់មរណភាពលិខិតលេខ ២៩ ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានប្រគល់ដី ខាងលើ ឱ្យទៅឈ្មោះចាន់ ស្រីយីញ ជាអ្នកគ្រប់គ្រងបន្ត ។ កូនក្តីខ្ញុំបាទក៏បានឯកភាពតាម បណ្តាំ គឺប្រគល់ដីទៅឲ្យកូនស្រីឈ្មោះចាន់ ស្រីយីញ ប៉ុន្តែបច្ចុប្បន្នកូនស្រីកូនក្តី ខ្ញុំបាទមានអាយុទីបតែ៥ឆ្នាំប៉ុណ្ណោះ ជាហេតុនាំឲ្យកូនស្រី កូនក្តីខ្ញុំ ពុំអាចគ្រប់គ្រងប្រើប្រាស់ និងចាត់ចែងទ្រព្យសម្បត្តិរបស់ខ្លួនបាន ជាពិសេសពុំអាចចុះបញ្ជីកម្មសិទ្ធិ ដើម្បី ការពារ ការរំលោភបំពានពីអ្នកដទៃនៅថ្ងៃខាងមុខ។
លោកមេធាវី កៅ ទី បានបញ្ជាក់ទៀតថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ សាលាដំបូងខេត្តកណ្តាល បានចេញដីកាសម្រេចលេខ២៣៥ ដកស ចុះថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យកូនក្តីខ្ញុំបាទមានសិទ្ធិគ្រប់គ្រង ចាត់ចែងលើដីទំហំទទឹង ១៤,៥ម គុណបណ្តោយ ១០០ម មានព្រំប្រទល់ខាងជើង ផ្លូវសេវភាព ខាងត្បូងឈ្មោះ ឃុន ថាវី ខាងលិចឈ្មោះ វុត្ថា បូរ៉ា (ក្បាលដីលេខ៣៣៣) ខាងកើតទល់នឹងឈ្មោះ វុត្ថា កញ្ញា (ក្បាលដីលេខ ៣៣១) មានទីតាំងស្ថិតនៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ជំនួសកូនស្រីឈ្មោះ ចាន់ស្រីយីញ រហូតដល់កូនស្រីមានវ័យជានីតិជន។ ស្រាប់តែពេលថ្មីៗនេះ ឈ្មោះ ខាន់ ពុទ្ធី (ប្តី) និង វុត្ថា ចាន់ធី (ប្រពន្ធ) មក ជំនួសក្បាលដីរបស់កូនក្តីខ្ញុំលេខ ៣៣២ ទៅវិញ។
តាមការអះអាងរបស់លោកស្រី វុត្ថា ចាន់ធី បានឲ្យដឹងថា កាលពេលប្អូនស្រីនាងខ្ញុំទី៤ (វុត្ថា រាំឌី) ឈឺនៅចោមចៅ បានមកស្នាក់នៅកោះអន្ទង់ចិន ម្តងកាល។ កាលនោះ ប៉ាខ្ញុំ គាត់នៅរស់ដែរ និងបានហៅលោកមេភូមិ ផេង គឹម មកចែកដីឱ្យម្នាក់១ប្លង់ៗ។ ក្រោយពេលចែករួច ប៉ាបានប្រគល់លិខិតបណ្ដាំ និងលិខិតអំណោយទុកនៅលោកមេភូមិ និងក្រោយមកលោក មេភូមិបានប្រគល់មកខ្ញុំវិញ ក្រោយពេលប៉ានាងខ្ញុំស្លាប់ បន្ទាប់ពីធ្វើបុណ្យ ៧ថ្ងៃរួច ខ្ញុំបានចែកជូនប្អូននាងខ្ញុំ ម្នាក់09 សន្លឹករៀងៗខ្លួន។ ក្រដាសអំណោយរបស់ប្អូន វុត្ថា រ៉ានី បានទុកដាក់នៅបងស្រីនៅបង វុត្ថា គន្ធា ក្រោយមកលិខិតនោះ យកទៅទុកនៅមេភូមិវិញ ក្រោយមកប្អូនថ្លៃ គាត់ទៅយកលិខិតពីមេភូមិ និងបច្ចុប្បន្ន លិខិតនោះនៅនឹងគាត់។ បងប្អូនសម្រេចឱ្យឈ្មោះ វុត្ថា ចាន់ធី ឈរឈ្មោះតំណាងឱ្យក្មួយឈ្មោះ ចាន់ ស្រីយីញ។ នាង ខ្ញុំ និងប្ដី យល់ព្រមឱ្យធ្វើការកែប្រែ ដកឈ្មោះ សំណុំឯកសារ ដែលបានដាក់ស្នើសុំចុះបញ្ជីកន្លងមក។
លោកទៀង អុស្សារៈ ប្រធានអង្គប្រជុំ បានបញ្ជាក់ថា តាមការពិនិត្យ វិវាទនេះ ជាវិវាទអំពីមកត ដូចនេះ ជាសមត្ថកិច្ចរបស់តុលាការ។ ប៉ុន្តែការសម្របសម្រួល អាចធ្វើបាន បើអាចដោះស្រាយបាន។ តាមការពិនិត្យលើលិខិត អំណោយមតក ត្រូវនឹងក្បាលដីលេខ ៣៣២ ពិតប្រាកដមែន។ ភាគីទាំងសងខាង មានគោលបំណងតែមួយ គឺរក្សា ទុកដីដែលជាចំណែករបស់ឈ្មោះ វុត្ថា រ៉ានី ទុកជូនកូនស្រីឈ្មោះ ចាន់ ស្រីយីញ នៅពេលអាយុ ១៨ឆ្នាំ។ ឯកសារចុះ បញ្ជីរបស់ឈ្មោះ វុត្ថា ចាន់ធី មានភាពមិនគ្រប់គ្រាន់នោះទេ។ ចំណែកឈ្មោះ វុត្ថា ចាន់ធី និងប្ដី ឯកភាពដកឈ្មោះចេញពីការចុះបញ្ជីក្បាលដីលេខ ៣៣២ ៕



