ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សហរដ្ឋអាមេរិក បន្តកិច្ចសហការគាំទ្រកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ

(ភ្នំពេញ)៖ សហរដ្ឋអាមេរិកបានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការគាំទ្រដល់ភាគីកម្ពុជាលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ។

ការបញ្ជាក់នេះធ្វើឡើងនាឱកាសដែល លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីបានថ្លែងអំណរសហរដ្ឋអាមេរិកតាមរយៈទីភ្នាក់ងាររបស់ខ្លួនដែលបានជួយកម្ពុជា ក៏ដូចជាវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ក៏ដូចជាកិច្ចសហប្រតិបត្តិការគ្រប់ទិដ្ឋភាពនាពេលកន្លងមក។
បន្ថែមពីនេះលោករដ្ឋមន្ត្រីបានជម្រាបអគ្គរដ្ឋទូតសហរដ្ឋអាមេរិកពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងអាណត្តិទី៧នេះ ដែលក្រសួងផ្ទាល់ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់សម្រេចបាន គឺវិស័យការងារដែលមានភាពសុខដុមនីយកម្មក្នុងរោងចក្រ ភាពប្រសើរឡើងជាលំដាប់នៃបរិយាកាស និងលក្ខណ្ឌការងារកាន់តែប្រសើរក្នុងទំនាក់ទំនងវិជ្ជាជីវៈដែលភាគីទាំងពីររក្សាបាននូវឧត្តមប្រយោជន៍របស់ខ្លួនស្របតាមច្បាប់ដែលបានកំណត់ តាមរយៈការពង្រឹងសមត្ថភាពចំណេះដឹងដល់គ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីនេះលោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីកម្មវិធីជាអាទិភាពសំខា ន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧បានដាក់ចេញលើការការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ ជូនយុវជនមកពីគ្រួសារក្រ១ ក្រ២ និងងាយរងគ្រោះចំនួន១.៥លាននាក់ដោយឥតគិតថ្លៃ ហើយទទួលបានប្រាក់ឧបត្ថមបន្ថែម។
កម្មវិធីថ្នាក់ជាតិនេះនឹងអាចជួយពលរដ្ឋដែលស្ថិតក្នុងស្ថានភាពលំបាកទាំងឡាយ អាចមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លី ហើយទទួលបានឱកាសការងារដែលសម្បូរណ៍បែប និងសមរម្យដោយមានការទទួលស្គាល់ពីទីផ្សារការងារ។

បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចធិបតីជាប្រមុខ ក៏គ្រោងនឹងផ្តល់ការថែទាំសុខភាពតាមគោលនយោបាយស្ម័គ្រចិត្តដល់សមាជិកក្នុងបន្ទុក ប.ស.ស.ចំពោះកម្មករនិយោជិត តាមរយៈរបបភាគទានស្ម័គ្រចិត្តចំនួន១៥,៦០០រៀលដែលអាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ ដែលជាយុទ្ធសាស្ត្រកាត់បន្ថយចំណាយ និងបង្កើនការសន្សំដល់កម្មកនិយោជិត។

ក្រោយបានយល់ពីចក្ខុវិស័យរួមរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅអាណត្តិទី៧នេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយ និងចក្ខុវិស័យរបស់ក្រសួងក្នុងការពង្រឹងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ភាគីទាំងពីរបានឯកភាពបន្តកិច្ចសហប្រតិបត្តិការ និងពង្រឹងភាពជាដៃគូលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីពង្រឹងបរិយាកាស និងផលិតភាពការងារកាន់តែប្រសើរ ដែលជាចន្ទល់ដ៏សំខាន់សម្រាប់ការអភិវឌ្ឍ ក៏ដូចជារក្សាកំណើនសេដ្ឋកិច្ចជាតិ៕

#MLVT #HENGSour