ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីក្រសួងការងារជំរុញឱ្យសាលាប៉ូល ឌុយប្រ៊ូលសហការពង្រីកវិសាលភាពបណ្តុះបណ្តាលជំនាញសណ្ឋាគារ និងទេសចរណ៍

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនារសៀលថ្ងៃទី៣១ ខែតុលាឆ្នាំ២០២៣នេះ បានជំរុញឱ្យសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូលឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួងធ្វើការរួមគ្នាក្នុងការពង្រីកវិសាលភាពនៃការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍ដល់ពលរដ្ឋកម្ពុជា។

ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមរដ្ឋមន្ត្រី និងលោក ហ្រ្វង់ស័រ ស្មូបេលែន នាយកសាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល នៅទីស្តីការក្រសួងការងារ។

សម្រាប់លោករដ្ឋមន្ត្រី កិច្ចសហការបណ្តុះបណ្តាលជំនាញឯកទេសសណ្ឋាគារ និងទេសចរណ៍នេះ នឹងជួយឱ្យពលរដ្ឋកម្ពុជាកាន់តែច្រើនបន្ថែមទៀតមានជំនាញជាក់លាក់ប្រកបដោយប្រសិទ្ធភាព ខណៈដែលកម្ពុជាមានតម្រូវការកម្លាំងជំនាញនេះជាច្រើនបន្ថែមទៀតក្នុងទីផ្សារ។

ក្នុងឃំនួបនោះ លោកនាយកសាលាសណ្ឋាគារ និងទេសចរណ៍ បានបង្ហាញពីវឌ្ឍនភាពចំពោះការបណ្តុះបណ្តាលពលរដ្ឋកម្ពុជាមកពីគ្រប់កន្លែងជាពិសេសជនមានពិការភាពឱ្យមានជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចជាក់លាក់ និងទទួលបានឱកាសការងារដែលទីផ្សារបានទទួលស្គាល់។

លោករដ្ឋមន្ត្រីបានលើកសរសើរនិងថ្លែងអំណរគុណដល់សាលាសណ្ឋាគារនិងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល ដែលបានផ្តល់ជំនាញពិតប្រាកដដល់ពលរដ្ឋកម្ពុជាជាច្រើនពាន់នាក់តាំងពីចាប់ផ្តើមដំណើរការនៅឆ្នាំ២០០២មក។

យ៉ាងណាក៏ដោយ មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី បានរំពឹងថា សាលាសណ្ឋាគារ និងទេសចរណ៍ ប៉ូល ឌុយប្រ៊ូល និងស្ថាប័នជំនាញរបស់ក្រសួង នឹងសហការគ្នាដើម្បីពង្រីកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងវិស័យទេសចរណ៍ និងសណ្ឋាគារដល់ពលរដ្ឋកម្ពុជា ស្របទៅតាមទស្សនៈវិស័យរបស់ក្រសួងដែលផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់ពលរដ្ឋដើម្បីមានជីវភាពកាន់តែប្រសើរ និងចូលរួមរុញច្រានកំណើនសេដ្ឋកិច្ចជាតិ៕

#MLVT #HENGSour