រាជធានីភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានអំពាវនាវដល់សារធារណជន ជាពិសេសយុវជន យុវនារី សូមមេត្តាកុំប្រើប្រាស់ កុំសាកល្បងប្រើប្រាស់ ប៉េងប៉ោងសប្បាយ (Happy balloon) ឱ្យសោះ ព្រោះប៉េងប៉ោងដែលផ្ទុកឧស្ម័នសប្បាយ Nitrous Oxide បង្កឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ដល់សរសៃប្រសាទ សរសៃឈាម ធ្វើឱ្យបាត់ស្មារតីចងចាំ គាំងបេះដូង រហូតបាត់បង់ជីវិត។
ការអំពាវនាវនេះ បានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបក្លឹបកំសាន្តពីរកន្លែងស្ថិតនៅក្នុងខណ្ឌដូនពេញ និងខណ្ឌចំការមន កាលពីយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឃាត់ខ្លួនមនុស្សចំនួន ២៤៧នាក់ ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង ។
នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបន្តថា ក្នុងពេលឆាប់ៗនេះ ឧស្ម័នប្រភេទនេះនឹងត្រូវដាក់បញ្ចូលក្នុងច្បាប់ហាមឃាត់ ខណៈនៅបណ្ដាប្រទេសផ្សេងៗ ដូចជាប្រទេសអូស្ត្រាលី បើចែកចាយប្រើប្រាស់ឧស្ម័ននេះ នឹងត្រូវផ្ដន្ទាទោស២ឆ្នាំ-៥ឆ្នាំ។
មហាជនបានធ្វើការគោរពស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត មេត្តាចាត់វិធានការតឹងរឹង និងដកអាជ្ញាប័ណ្ណអាជីវកម្ម ចំពោះក្លឹបខាងលើទាំងពីរផង ព្រោះសង្ស័យថាអាចជាទីតាំង ពង្វក់ស្មារតីក្មេងៗ យុវវ័យកម្ពុជាឲ្យភ្លើតភ្លើន ភ្លេចការសិក្សា ភ្លេចកិច្ចការងារ ប៉ះពាល់ដល់សុខភាព ដែលនឹងអាចរាំងស្ទះដល់ការអភិវឌ្ឍន៍ជាតិក្រោមការដឹកនាំរបស់ សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
