ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ាអូស្មាន ហាស្សាន់ ត្រូវបានតែងតាំងជាតំណាងបេសកជនពិសេសរបស់កម្ពុជា ប្រចាំអង្គការ OIC

ភ្នំពេញ: លោក ឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ត្រូវបានអង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation) ហៅកាត់ថា OIC បានទទួលស្គាល់ជាផ្លូវការក្នុងការតែងតាំងជាបេសកជនពិសេសតំណាងព្រះរាជាណាចក្រកម្ពុជា ជាប្រទេសទី១១ ដែលមានបេសកជនតំណាងប្រទេសប្រចាំនៅ OIC ។

លិខិតរបស់លោក Yousef Al-Othaimeen អគ្គលេខាធិការអង្គការ OIC ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៩ កន្លងទៅ ឆ្លើយតបមក លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយនឹងការកោតសរសើរអំពីស្នាដៃនៃការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអនុវត្តនូវគោលនយោបាយ សុខដុមបនីយកម្មរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។លោកអគ្គលេខាធិការអង្គការ OIC ក៏បានស្វាគមន៍ការតែងតាំង លោកទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំនៅអង្គការ OIC។

លោកអគ្គលេខាធិការ ក៏បានបញ្ជាក់ថា តាមរយៈការតែងតាំងនេះ គឺពិតប្រាកដណាស់នឹងនាំមកនូវទំនាក់ទំនងឲ្យកាន់តែរឹងមាំបន្ថែមទៀតរវាងប្រទេស OIC ជាមួយព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការឈានទៅរកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលចាំបាច់ផងដែរ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ នៅក្នុងពិធីពិសាអាហារស្រាយបួសរ៉ាម៉ាឌននៃសាសនាឥស្លាមកម្ពុជា លើកទី៦ ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា  បងប្អូនសាសនិកឥស្លាមជាង ៤,៧៥០នាក់ រួមជាមួយនឹង ភ្ញៀវអន្តរជាតិ ៣៦ ជាតិសាសន៍ ព្រមទាំងមានវត្តមានតំណាង លោកអគ្គលេខាធិការ OIC ផងដែរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសតែងតាំង លោកឧកញ៉ា អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ជាបេសកជនពិសេសតំណាងកម្ពុជាប្រចាំអង្គការសហប្រតិបត្តិការឥស្លាម OIC។

សូមបញ្ជាក់ថា អង្គការសហប្រតិបត្តិការឥស្លាម (Organization of Islamic Cooperation ) ហៅកាត់ថា OIC បានបង្កើតឡើងនៅឆ្នាំ១៩៦៩ ដែលមានអន្តររដ្ឋប្រទេសជាសមាជិកចំនួន ៥៧ប្រទេស ដែលជាតំណាងឱ្យប្រជាជនជាង ១ ភាគ៥ នៅលើសកលលោក។

អង្គការ OIC ជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ UN ។ ហើយអង្គការនេះ មានប្រទេស-អង្គការ ជាអ្នកសង្កេតការណ៍ចំនួន ១២ ( Bosnia and Herzegovina, Central African Republic, Kingdom of Thailand, The Russian Federation, Turkish Cypriot State, រណសិរ្សរំដោះជាតិម៉ូរ៉ូ MNLF, សហភាពសភានៃរដ្ឋជាសមាជិក OIC -PUOICM, អង្គការសហប្រជាជាតិ UN, ចលនាមិនចូលបក្សសម្ព័ន្ធ NAM, សម្ព័ន្ធរដ្ឋអារ៉ាប់ LAS, សហភាពអាហ្វ្រិក AU, និង អង្គការសហប្រតិបត្តិការសេដ្ឋកិច្ច ECO)។ ជាមួយគ្នានេះដែរក៏មានបេសកជនពិសេសជាតំណាងប្រទេស ចំនួន១០ (USA, French, Canada, UK, Sweden, Italy, Germany, Greece,Australia និងNetherlands)។
ហើយ កម្ពុជាបានដាក់ពាក្យស្នើសុំ ចូលជាសមាជិកអ្នកសង្កេតការណ៍ ដែលបានប្រជុំនៅប្រទេសកូវ៉ែត មានប្រទេសចំនួន ៥៦ បានគាំទ្រ នៅតែមួយប្រទេសប៉ុណ្ណោះ ដែលកម្ពុជាយើងកំពុងបន្តនូវកិច្ចការនេះ រួមទាំងអគ្គលេខាធិការអង្គការ OICផងដែរ៕