ភ្នំពេញ:ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយមានការចង្អុលបង្ហាញពី លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ឱ្យមន្រ្តីជំនាញនៅតាមបណ្ដាសាខារាជធានី ខេត្តយកចិត្តទុកដាក់ចំពោះការទប់ស្កាត់ទំនិញមានហានិភ័យដែលនាំឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ។
តួយ៉ាងមន្រ្តីជំនាញ ក.ប.ប. សាខាខេត្តត្បូងឃ្មុំ ខេត្តឧត្តរមានជ័យ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី និងខេត្តសៀមរាបបានខិតខំស្វះស្វែងចុះត្រួតពិនិត្យទំនិញបរិភោគគ្រប់ប្រភេទទាំងនៅលើទីផ្សារ ម៉ាត រថយន្តដឹកទំនិញ និងឃ្លាំងស្ដុកនិងចែកចាយគ្រប់ប្រភេទ ក្នុងគោលបំណងស្វែងរកទំនិញដែលហានិភ័យដល់សុខភាពបងប្អូនទូទៅដែលជាអ្នកប្រើប្រាស់។
ទំនិញដែលចរាចរពុំត្រឹមត្រូវនិងមានហានិភ័យទាំងនោះគឺផ្ដើមចេញពីឈ្មួញដែលប្រកបរបរមិនសុចរិត ពោលគឺព្យាយាមគេចវេសគ្រប់រូបភាពដែលអាចធ្វើបានដោយពុំគិតពីសុខភាពអ្នកប្រើប្រាស់នោះឡើយ។
តាមលទ្ធផលនៃការត្រួតពិនិត្យមន្រ្តីជំនាញបានដកហូតទំនិញដែលមានហានិភ័យចំនួន ៨៦.៤៧គីឡូក្រាម និងពិន័យទៅតាមនីតិវិធីដែលមានចែងជាធរមាន។ អគ្គនាយកដ្ឋាន ក.ប.ប. សូមលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋចូលរួមសហការផ្ដល់ដំណឹងមកអគ្គនាយកដ្ឋាននៅពេលណាដែលឃើញ និងដឹងថាមានករណីចរាចរលក់ទំនិញដែលពុំមានអនុលោមភាព និងមានហានិភ័យខ្ពស់ទៅលើសុខភាពបងប្អូនប្រជាពលរដ្ឋ។
បងប្អូនប្រជាពលរដ្ឋអាចទំនាក់ទំនង និងតាមដានរាល់ព័ត៌មានរបស់អគ្គនាយកដ្ឋានបានតាមរយៈ ៖
✏️(Website) https://www.ccfdg.gov.kh/en/
✏️(Facebook) https://www.facebook.com/ccfkh