មន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានប្រកាសពន្យាពេល៣ខែ ឫ៩០ថ្ងៃលើបម្រាមលក់បច្ចេកវិទ្យាអាមេរិកឲ្យទៅក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ប្រទេសចិន ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនពីអាមេរិកលើចិន ។
កាលពីថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញក្រឹត្យហាមប្រាមមិនឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិក ទិញបច្ចេកវិទ្យា 5G ពីក្រុមហ៊ុន Huawei ចិន និងហាមមិនឲ្យក្រុមហ៊ុនអាមេរិក លក់បច្ចេកវិទ្យា និងបំណែកផ្សំនៃទូរស័ព្ទដៃ Huawei របស់ចិន ទៅឲ្យក្រុមហ៊ុន Huawei ។
ការពន្យាបម្រាម៣ខែនេះ ត្រូវបានធ្វើឡើងដើម្បីឲ្យក្រុមហ៊ុន Huawei ចិនអាចមានពេលក្នុងការទទួលទិញបច្ចេកវិទ្យា និងបំណែកផ្សំនៃទូរស័ព្ទដៃ Huawei ទៅតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុនអាមេរិក ។
ក្រសួងពាណិជ្ជកម្មអាមេរិកនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបច្ចេកវិទ្យាHuaweiទិញទំនិញផលិតនៅអាមេរិកដើម្បីរក្សាបណ្តាញដែលមានស្រាប់និងផ្តល់ សូហ្វវែរ ដែលកែសម្រួលដែលមានស្រាប់សម្រាប់ទូរស័ព្ទ Huawei ។
ក្រុមហ៊ុននេះនៅតែត្រូវបានហាមឃាត់មិនឱ្យទិញគ្រឿងបន្លាស់និងឧបករណ៍ផ្សំរបស់អាមេរិកដើម្បីផលិតជាផលិតផលថ្មីប្រសិនបើគ្មានអាជ្ញាប័ណ្ណអនុញ្ញាតទេនោះ។
ការពន្យាពេលដែលមានសុពលភាពរយៈពេល 90 ថ្ងៃបានបង្ហាញថាការផ្លាស់ប្តូរសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Huawei អាចបណ្ដាលឲ្យផលវិបាកភ្លាមៗ ច្រើនផ្នែក និងដែលគេពុំអាចនឹកស្មានដល់ ។
ចំណែកក្រុមហ៊ុន Huawei បានប្រកាសថា សម្ពាធគ្រប់យ៉ាងពីអាមេរិក មិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុននេះទេ ហើយក្រុម Huawei នឹងចាប់ផ្តើមការផលិតកម្មគ្រប់យ៉ាងដោយខ្លួនឯង ទាំងផលិតកម្មទូរស័ព្ទ និងទាំងប្រព័ន្ធបច្ចេកវិទ្យា ៕
