ភ្នំពេញ: លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានអញ្ជើញចូលរួមពិធីផ្សព្វផ្សាយ ប្រកាស ស្តីពីការប្រើប្រាស់ទ្រូងផ្លូវ និង ប្រកាស ស្តីពីចន្លោះសុវត្ថិភាពបើកបរយានយន្ត។
ពិធីនេះ រៀបចំឡើងនៅទីស្តីការក្រសួង ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពី លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង តំណាងអគ្គស្នងការនគរបាលជាតិ តំណាងស្នងការនគរបាលរាជធានី-ខេត្ត តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត តំណាងសមាគមដឹកជញ្ជូន តំណាងក្រុមហ៊ុនដឹកជញ្ជូន និងតំណាងសាលាបង្រៀនបើកបរ សរុបប្រមាណ ៣០០រូប។
ពិធីនេះ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាបណ្តុះបណ្តាលចំពោះអ្នកបើកបរ និងអ្នកធ្វើអាជីវកម្មដឹកជញ្ជូននៅលើផ្លូវ ដើម្បីធានាសុវត្ថិភាពក្នុងការបើកបរ លើកកម្ពស់សណ្តាប់ធ្នាប់ចរាចរណ៍ រួមចំណែកទប់ស្កាត់គ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ផងដែរ។
