ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ការ​ផ្សង​ប្រផ្នូល តាមរយៈ​គោ​ឧសភរាជ ឆ្នាំនេះ ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ផល​ល្អប្រសើរ

 

តាកែវ​៖ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ឆ្នាំនេះការ​ផ្សង​ប្រផ្នូល តាមរយៈ​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ បាន​បង្ហាញថា ការបង្កបង្កើន​ផល​ក្នុង​វិស័យ​កសិកម្ម ជាពិសេស​ស្រូវ ពោត និង​សណ្តែក នឹង​ទទួលបាន​ផល​ល្អប្រសើរ ​។​

​ព្រះរាជ​ពិធីបុណ្យ​ច្រត់​ព្រះ​ន័​ង្គ​ល នៅ​ឆ្នាំនេះ បាន​ប្រារព្ធ​ឡើង នៅ​ទីលាន​តារាង​បាល់ទាត់ គិរីវង់​សុខ​សែន​ជ័យ ស្ថិតនៅ​ភូមិ​ត្រពាំង​អង្គ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ នា​ព្រឹក​ថ្ងៃទី​២២ ខែឧសភា​នេះ ក្រោម​រាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះ​កុរ​ណា ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី​។​

​ព្រះរាជ​ច្រត់ព្រះនង្គ័ល​ជាការ​ផ្សង​ប្រផ្នូល អំពី​ផលដំណាំ​កសិកម្ម នៅក្នុង​រយៈពេល​ពេញ​មួយឆ្នាំ តាមរយៈ​ការបរិភោគ​អាហារ ៧​មុខ របស់​គោ​ឧសភរាជ ឬ​គោបា​របស់​ព្រះមហាក្សត្រ ១ នឹម​។ អាហារ ៧​មុខ រួមមាន​៖ ស្មៅ ស្រូវ ពោត សណ្តែក ល្ងរ ទឹក និង​ស្រា​។

​នៅ​ឆ្នាំនេះ អភិបាល​ខេត្តតាកែវ លោក អ៊ុច ភា ធ្វើជា​ស្តេច​មាឃ និង​ភរិយា​របស់លោក គឺ​លោកស្រី ស្រី ប៊ុណ្ណា​ដាវី ជា​ព្រះ​មេ​ហួ​។

​សូមបញ្ជាក់ថា ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល នា​ថ្ងៃ​៤​រោច ខែ​ពិសាខ ត្រូវបាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ ដើម្បី​ប្រកាសប្រាប់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​កសិកម្ម ធ្វើស្រែ​ចម្ការ ថា រដូវវស្សា បាន​ចូលមក​ដល់​ហើយ ដូច្នេះ​ការធ្វើ​ស្រែចម្ការ ក៏​ចាប់ផ្តើម​ផងដែរ​។​

​​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល ពីមុន បាន​ប្រារព្ធ​ឡើង​រៀងរាល់ឆ្នាំ នៅ​វាល​ព្រះមេរុ ស្ថិតនៅ​ខាងជើង ជាប់​ព្រះបរមរាជវាំង ក្នុង​រាជធានី​ភ្នំពេញ​។ ប៉ុន្តែ​ចាប់តាំងពី​ព្រះករុណា ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ ចូល​ទិវង្គត កាលពី​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ព្រះ​រាជពិធី​ច្រត់ព្រះនង្គ័ល ត្រូវបាន​ប្រារព្ធ​ឡើង នៅតាម​បណ្តា​ខេត្ត​នានា ឆ្លាស់​ប្តូរ​វេន​គ្នា មួយឆ្នាំ​ខេត្ត​នេះ មួយឆ្នាំ​ខេត្ត​នោះ​វិញ​៕