សេចក្តីសម្រេចរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្រេចប្រគល់សិទ្ធិគ្រប់គ្រងមរតកចម្រៀងនេះ ជូនភរិយារបស់ គង្គ ប៊ុនឈឿន គឺលោកស្រី គាត គឹមលន ( ក្រសួងវប្បធម៌ សរសេរថា គាត គឹមលន ) ជនជាតិខ្មែរ សញ្ជាតិ ន័រវេស កើតថ្ងៃទី១៤ ខែមិថុនា ឆ្នាំ១៩៤៣ ដែលមានទីកន្លែងកំណើត ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានទីលំនៅបច្ចុប្បន្ន នៅប្រទេសន័រវេស។
ការសម្រេចរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈខាងលើនេះ បានធ្វើឡើង តាមការស្នើសុំ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ របស់លោកស្រី គាត គឹមលន ជាភរិយារបស់លោក គង្គ ប៊ុនឈឿន និងយោងតាមសេចក្តីជូនដំណឹង លេខ៣៥ ស.ជ.ណ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្តីពី ការប្តឹងជំទាស់នៃការស្នើសុំគ្រប់គ្រងមរតកសាសន៍របស់លោកស្រី គាត គឹមលន។
.ជីវប្រវត្តិសង្ខេបរបស់លោក គង្គ ប៊ុនឈឿន៖
កើតនៅថ្ងៃ១៨ ខែតុលា ឆ្នាំ១៩៣៩ លោក គង្គ ប៊ុនឈឿន មានស្រុកកំណើត នៅភូមិចម្ការសំរោង ឃុំចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឪពុកឈ្មោះ គង្គ ឈិន ជាអ្នកខេត្តតាកែវ និងម្តាយឈ្មោះ ម៉រ ភឹង ជាអ្នកបាត់ដំបង។
លោកបានចូលប្រឡូកក្នុងវិស័យតែងនិពន្ធ នៅឆ្នាំ១៩៥៥ ហើយបានប្រឡងជាប់ពានរង្វាន់លេខ១ ក្នុងឱកាសមហោស្រពអក្សរសិល្ប៍ខ្មែរ ឆ្នាំ១៩៥៧ នៅខេត្តបាត់ដំបង តាមរយៈស្នាដៃឈ្មោះ «ស្នេហ៍លុះអវសាន»។
លោកត្រូវបានប្រជាពលរដ្ឋខ្មែរចាត់ទុកថា ជាអ្នកនិពន្ធដ៏ឆ្នើមម្នាក់របស់កម្ពុជា ដែលបានបន្សល់ទុកនូវស្នាដៃផ្នែកតែងនិពន្ធយ៉ាងច្រើនសន្ធឹកសន្ធាប់ មានប្រលោមលោក និងផលិតបានជាចម្រៀងជាច្រើនបទ ដែលមានអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត លោក អ៊ឹង ណារី អ្នកស្រីរស់ សេរីសុទ្ធា និងអ្នកស្រី ប៉ែន រ៉ន ជាអ្នកច្រៀង។
លោក គង្គ ប៊ុនឈឿន បានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី តាត គឹមលន នៅឆ្នាំ១៩៦៣ ហើយមានកូនចំនួន ៦នាក់ គឺប្រុសម្នាក់ និងស្រី ៥នាក់ ហើយក្នុងនោះ កូន ៥នាក់ បានទៅរស់នៅប្រទេសន័រវេសន៍ និងកូនស្រីម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ។
ស្នាដៃរបស់កវីនិពន្ធ គង្គ ប៊ុនឈឿន ភាគច្រើនបង្ហាញអំពីទិដ្ឋភាពជាក់ស្ដែង នៅក្នុងសង្គមជាតិ ដែលទាក់ទាញអារម្មណ៍របស់អ្នកស្ដាប់ចង់ឃើញ និងចង់ទស្សនាដល់ទីកន្លែង ជាពិសេសទឹកដីស្រុកកំណើតរបស់លោក នាខេត្តបាត់ដំបង តែម្ដង។
បទចម្រៀងល្បីៗទាំងនោះរួមមាន ម្លប់ដូងទី១០, អារសាច់ជូនម្ដាយ, អនុស្សាវរីយ៍ខ្នងភ្នំសំពៅ, កូនស្រីអ្នកនេសាទ ដែលច្រៀងដោយអ្នកស្រី រស់ សេរីសុទ្ធា និងបទ រំដួលដងស្ទឹងសង្កែ ច្រៀងដោយអធិរាជសំឡេងមាស លោក ស៊ិន ស៊ីសាមុត។
ស្នាដៃប្រលោមលោកចុងក្រោយរបស់លោក គឺសៀវភៅរឿង មានចំណងជើងថា «វាសនានាង តាត ម៉ារីណា» ជាប្រលោមលោកបែបសម័យបច្ចុប្បន្ន រៀបរាប់ពីសង្គ្រាមទឹកអាស៊ីត ដែលជាសាច់រឿងពិតកើតឡើងចំពោះក្មួយស្រីបង្កើតរបស់ខ្លួន ឈ្មោះ តាត ម៉ារីណា ក្រោយពីនាងមានចំណងស្នេហាលួចលាក់ជាមួយអ្នកធំម្នាក់ នៅក្នុងរាជធានីភ្នំពេញ។ កញ្ញា តាត ម៉ារីណា ត្រូវបានគេជះទឹកអាស៊ីត នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៩៩។
បន្ទាប់ពីចេញផ្សាយសៀវភៅប្រលោមលោកនេះភ្លាម នៅឆ្នាំ២០០០ ក្រុមគ្រួសាររបស់កវីនិពន្ធជើងចាស់រូបនេះ ត្រូវភៀសខ្លួន ចេញទៅប្រទេសថៃ និងក្រោយមកទទួលបានសិទ្ធិបន្តទៅរស់នៅក្នុងប្រទេសន័រវេសន៍។
លោក គង្គ ប៊ុនឈឿន បានទទួលមរណភាព កាលពីរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ ក្នុងជន្មាយុ ៧៧ឆ្នាំ នៅក្នុងមន្ទីរពេទ្យមួយនៃប្រទេសន័រវេសន៍ បន្ទាប់ពីធ្លាក់ខ្លួនឈឺប្រមាណ ៣ឆ្នាំ ដោយសារជំងឺមហារីកតម្រង់នោម។
អដ្ឋិធាតុរបស់កវីជើងចាស់ គង្គ ប៊ុនឈឿន ត្រូវសាច់ញាតិនាំពីប្រទេសន័រវេសន៍ មកកាន់ប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០១៨ និងយកទៅតម្កល់ទុកនៅក្នុងវត្តកណ្តាល ទឹកដីខេត្តបាត់ដំបង៕


