តាកែវ៖ ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ លោក សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគម នាគមន៍ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងចែកពូជដូងក្រអូប ដែលទទួលបានការឧបត្ថម្ភពីក្រុមគ្រួសារ សម្ដេចវិបុលបញ្ញា សុខ អាន ជូនដល់ប្រជាពលរដ្ឋនៅក្នុងភូមិត្រពាំងធំ ស្ថិតក្នុងឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។
កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុកទ្រាំង អាជ្ញាធរមូលដ្ឋានឃុំ កងកម្លាំងគ្រប់ប្រភេទ លោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជន ស.ស.យ.ក. ខេត្តតាកែវ សរុប ៦៥០អង្គ/នាក់។
ឆ្លៀតឱកាសនេះដែរ លោក សុខ ពុទ្ធិវុធ ក៏បានចុះជួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សព្រមទាំងបានឧបត្ថម្ភ តុ សិក្សា ចំនួន៣០ តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំរនាម ដល់សាលាបឋមសិក្សាត្រពាំងធំ ដែលស្ថិតក្នុងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ផងដែរ។