ភ្នំពេញ: សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ បានបើកធ្វើជាផ្លូវការហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាព លោករដ្ឋមន្ដ្រី ឌិត ទីណា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការក្រោមឱវាទក្រសួងចំនួន ២៨០រូប។
នៅក្នុងរយៈពេល៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៥-២៦ និងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំក្រសួងដែលទទួលខុសត្រូវតាមអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នឹងធ្វើបទបង្ហាញជូនដល់អង្គសន្និបាត ដើម្បីជជែកពិភាក្សា ផ្ដល់ធាតុចូលសម្រាប់រៀបចំផែនការយុទ្ធសាស្ត្រអនុវត្តសម្រាប់ឆ្នាំ២០២៤។
អង្គសន្និបាត នឹងបិទបញ្ចប់នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕