គ.ជ.ប ក៏បានប្រកាសពីចំនួនអ្នកបានបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០១៩ គឺមានចំនួន ១១៥៦៥ នាក់ ដោយអវត្តមានក្រុមប្រឹក្សាឃុំសង្កាត់ ៧នាក់ ហើយក្នុងនោះ មានក្រុមប្រឹក្សាឃុំម្នាក់ បានស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តត្បូងឃ្មុំ ពេលធ្វើដំណើរទៅបោះឆ្នោត។
សូមរម្លឹកថា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣នេះ គឺចំនួនសមាជិកក្រុមប្រឹក្សារាជធានីខេត្ត មានចំនួន ៥៥៩នាក់ និងចំនួនសមាជិកក្រុមប្រឹក្សាស្រុក ក្រុង ខណ្ឌ មានចំនួន ៣៥៥៥នាក់។ បើតាមលទ្ធផលបឋមនៃសំឡេងឆ្នោត ដែលគ.ជ.ប បានផ្សព្វផ្សាយ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ គឺគណបក្សប្រជាជនកម្ពុជា នឹងទទួលអាសនៈទាំងអស់ នៅក្រុមប្រឹក្សារាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។
យ៉ាងណាក៏ដោយ លទ្ធផលផ្លូវការនៃការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣ នឹងត្រូវគ.ជ.ប ប្រកាសយ៉ាងយូរ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ មាន ៧គណបក្ស បានចូលរួមប្រកួតប្រជែង រួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ គណបក្សយុវជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សខ្មែរសាធារណរដ្ឋ។
ក៏ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងស្ទើរតែទាំងអស់។ រីឯគណបក្ស ៦ ផ្សេងទៀត ទទួលបានសំឡេងតិចតួច ដោយនៅរាជធានីខេត្តខ្លះ គណបក្សខ្លះ មិនទទួលបានសូម្បី ១សំឡេង។ ក្នុងនោះ នៅខេត្តបាត់ដំបង គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសំឡេងច្រើនបំផុត ត្រឹមតែ ៤២សំឡេង ខណៈដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៧៦២សំឡេង និងគណបក្សខ្មែររួបរួមជាតិ ទទួលបាន ៩សំឡេង៕












