ភ្នំពេញ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអនុញ្ញាតិឲ្យនិស្សិតសាកលវិទ្យាល័យឥន្ទ្រវិទ្យាចំនួន៤ រូបដឹកនាំដោយ លោក ហៃ ស៊ីណា លោក ប្រាក់ សុកល លោក អ៊ុន វ៉ន និងលោក ប្រាក់ មករា នៅថ្ងៃទី២៣ ខែកុម្ភៈ នេះបានចុះកម្មសិក្សា ស្វែងយល់ពីរបបនយោបាយការកសាងសន្តិភាព និងផ្សះផ្សារជាតិរបស់ថ្នាក់ដឹកនាំជាតិគឺ សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិកម្ពជានៅខុទ្ទកាល័យគណៈបក្សប្រជាជនកម្ពុជា។
នៅក្នុងនោះ លោក សុខ ឥសាន បានធ្វើបទបង្ហាញរយៈពេលជាង២ម៉ោង ដល់និស្សិតសាកលវិទ្យាល័យឥន្រ្ទវិទ្យាពីរបត់នយោបាយកម្ពុជាតាំងពីសម័យសង្រ្គាមត្រជាក់និងក្រោយបញ្ចប់សង្រ្គាមលោកលើកទី២ ដែលកម្ពុជាបានទទួលឥទ្ធិពលភូមិសាស្រ្តនយោបាយ និងមនោគមវិទ្យាសេរី-កុម្មុយនីស្ត ហើយបានកោតសរសើរដល់និស្សិតនៃសាកលវិទ្យាល័យឥន្ទ្រវិទ្យាក៍ដូចជា ការខិតខំប្រឹងប្រែងចងក្រង និងសរសេរនិក្ខេបបទដែលរំលឹកពីប្រវត្តុិនយោបាយកម្ពុជា ។
លើសពីនេះ អ្នកនាំពាក្យខាងលើ បានរំលឹកពីគុណតម្លៃនិងកិត្តិនាមដ៏អស្ចារ្យ ទាក់ទងនិងការតស៊ូទាមទារឯករាជ្យជាតិរបស់ព្រះករុណា សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ក្នុងបុព្វហេតុជាតិនិងប្រជាជនកម្ពុជាពីឆ្នាំ១៩៥៥ និងទស្សវត្តឆ្នាំ១៩៧០ ក្រោយការធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គចេញពីប្រមុខរដ្ឋ។
បន្ថែមពីនេះ លោក សុខ ឥសាន ក៏បានបញ្ជាក់ពីវីរភាពដឹកនាំជាប្រវត្តិសាស្រ្ត របស់សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពជាតិ ថ្ងៃ២៩ធ្នូឆ្នាំ១៩៩៨ ក្នុងការ ស្វះស្វែងរកសន្តិភាព ជូនប្រជាជនចេញពីមាត់ជ្រោះមរណៈដែលពួក ប៉ុល ពត ខ្មែរក្រហមបាន សម្លាញ់ជាតិសាសន៍ឯង និងការធ្វើទារុណកម្មដូចសត្វធាតុ ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្រ្តជាតិយើង។
សូមជំរាបថា បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកទ្រឹស្តីរួច សាកលវិទ្យាល័យឥន្រ្ទវិទ្យាតម្រូវឲ្យនិស្សិតសរសេរនិក្ខេបបទលើមុខជំនាញរបស់ខ្លួន សម្រាប់ដាក់ជូនសាកលវិទ្យាល័យ ដើម្បីបំពេញឲ្យគ្រប់លក្ខណ្ឌរបស់សាកលវិទ្យាល័យ។ ចំពោះនិស្សិត៤រូបខាងលើនេះ គឺ សិក្សាជំនាន់ទី១២ វគ្គ១ និងបានប្រលងបញ្ចប់ការសិក្សាកាលពីចុងខែមករា ឆ្នាំ២០២៤ ដែលមានមុខជំនាញ ផ្នែកវិទ្យាសាស្រ្តនយោបាយ នយោបាយ សន្តិភាពរបស់ សម្តេចតេជោ ហ៊ុន សែន និងនយោបាយសន្តិភាព ក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ សម្តេចតេជោ ហ៊ុន សែន ផងដែរ។