(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈនិងលោក រ៉ាជីវ ប្រាដាន(Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជានៃមូលនិធិThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីគំនិតផ្តួចផ្តើមអក្ខរកម្មឌីជីថលដើម្បីឱ្យយុវជន និងសិស្សនៃគ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស ទទួលបានការអប់រំផ្នែកឌីជីថល ផលិតភាពការងារ និង សង្គមការងារផ្នែកសេដ្ឋកិច្ចឌីជីថល។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
គម្រោងនេះ នឹងផ្តល់អាទិភាពផ្តោតលើការកែលម្អការអប់រំសម្រាប់យុវជន និងសិស្សនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានបំណងចូលទីផ្សារការងារដើម្បីផលិតភាពខ្ពស់ក្នុងសេដ្ឋកិច្ចឌីជីថល ភាពជាសហគ្រិនដោយផ្សារភ្ជាប់ជាមួយឌីជីថល ឬបន្តការសិក្សាបន្ថែមទាក់ទងនឹងសេដ្ឋកិច្ចឌីជីថល។
ការចុះអនុស្សរណៈនេះ គឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរយៈពេល៥ឆ្នាំ ២០២៤-២០២៨ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបង្កើនសមត្ថភាពពលរដ្ឋកម្ពុជាក្នុងយុគ្គសម័យឌីជីថល ហើយការចុះអនុស្សរណៈនេះ ក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះដែលបានផ្តោតសំខាន់លើធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថលផងដែរ៕
#MLVT #HENGSour