ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន ហើយគ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ

ភ្នំពេញ: ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានធ្វើការផ្តាំផ្ញើដល់និស្សិតដែលចេញទៅបន្តការសិក្សានៅក្រៅប្រទេស សូមកុំភ្លេចជាតិរបស់ខ្លួន គ្មានអ្វីដែលល្អជាងជាតិខ្លួនឯងនោះទេ ហើយត្រូវប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីយកនូវចំណេះដឹងមកបម្រើជាតិឱ្យកាន់តែរីកចម្រើន។ ការលើកឡើងរបស់ រដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ ញាត្តឱ្យក្រុមនិស្សិតជ័យលាភីអាហារូបករណ៍រាជរដ្ឋាភិបាលប្រទេសជប៉ុន ក្នុងឆ្នាំសិក្សា២០២៤-២០២៦ ចូលជួបសម្ដែងការគួរសម ដើម្បីទទួលអនុសាសន៍សម្រាប់ជាពុទ្ធិបន្ថែមដល់ការសិក្សានៅក្រៅប្រទេស នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងព័ត៌មាន។
លោក នេត្រ ភក្ត្រា បានធ្វើការចែករំលែកបទពិសោធន៍ខ្លះៗពាក់ព័ន្ធការសិក្សាស្រាវជ្រាវ និងបរិបទដែលត្រូវធ្វើនៅពេលបញ្ចប់ការសិក្សា ដើម្បីចូលរួមកសាងប្រទេសជាតិឱ្យបានកាន់តែរីកចម្រើន ។ឯកឧត្តម រដ្ឋមន្រ្ដីបានធ្វើការរម្លឹកពីប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជាបានឆ្លងកាត់ជាច្រើនដំណាក់កាលតាំងពីសម័យសង្គ្រាម រហូតដល់ប្រទេសមានសុខ សន្តិភាព ។
លោករដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា បើពិនិត្យមើលលើធនធានមនុស្សរបស់កម្ពុជាកាលពីឆ្នាំ១៩៧៩ ស្ថានភាពនៅពេលនោះគឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច ហើយអ្នកចេះតិចបង្រៀនអ្នកអត់ចេះ គឺពិតជាលំបាកណាស់ ។
បន្ទាប់មក ដំណាក់កាលពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គឺជាដំណាក់កាលពង្រឹងខ្លួន កសាងធនធានមនុស្ស ដោយធ្វើយ៉ាងមិចឱ្យមានអ្នកចេះដឹងបានច្រើន។ បន្ដមកទៀត ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ ជាដំណាក់កាលនៃការពង្រីកពង្រឹងនៃការអភិវឌ្ឈធនធានមនុស្ស ឱ្យបានតែរឹងមាំ។
ចាប់ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០២៣ គឺជាដំណាក់ កាលនៃការពង្រឹងបរិមាណ និងគុណភាព ដែលនិយាយពីមូលធនមនុស្ស សំដៅលើមនុស្សដែលមានចំណេះដឹង មានសមត្ថភាព ស្នាដៃ និងសុខភាព។ ឯកឧត្ដមរដ្ឋមន្រ្ដីបានអះអាងផងដែរថា បើពិនិត្យជារួម ក្នុងដំណើររយៈពេលជាង ៤០ឆ្នាំកន្លងមកនេះ គឺការកសាងប្រទេសជាតិចាប់តាំងពីបាតដៃទទេ ព្រោះអ្នកចេះដឹងដែលមាន នៅមុនឆ្នាំ១៩៧៩ ត្រូវបានខ្មែរក្រហមសម្លាប់ចោល។

បើតាមលោករដ្ឋមន្រ្ដីក្រសួងព័ត៌មានបានឱ្យដឹងផងដែរថា ដោយការខិតខំប្រឹងប្រែងរបស់ប្រមុខដឹកនាំប្រទេស រហូតមកដល់ពេលបច្ចុប្បន្ននេះ បានកសាងធនធានមនុស្សមានចំនួនយ៉ាងច្រើន ប្រកបដោយសមត្ថភាព និងគុណភាពខ្ពស់ ហើយសម្រាប់បងប្អូនជានិស្សិតដែលត្រូវទៅបន្តការសិក្សានៅប្រទេសក្រៅ គឺជាធនធានមនុស្សដ៏សំខាន់ដែលត្រូវត្រឡប់មកជួយប្រទេសជាតិខ្លួនវិញ។
ទន្ទឹមនេះ នៅក្នុងអាណត្តិទី ៧ នៃរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តោតសំខាន់លើមូលធនមនុស្ស ដោយធ្វើការកែទម្រង់រដ្ឋបាលសាធារណៈ ពង្រឹងប្រសិ ទ្ធិភាពស្ថាប័ន ការជ្រើសមន្រ្តីប្រកបដោយគុណាធិបតេយ្យ យកមកបំពេញកិច្ចការងារ និងមានប្រពន្ធ័លើកទឹកចិត្តដល់មន្រ្តី ដើម្បីបង្កើនប្រសិទ្ធភាព ចំណេះដឹង ជំនាញ និងប្រសិទ្ធផលការងារខ្ពស់ ។
លោក នេត្រ ភក្រ្ដា ក៏បានណែនាំដល់ប្អូនៗនិស្សិតទាំងអស់ត្រូវប្រើប្រាស់ពេលវេលាឱ្យបានច្រើន សិក្សាដកស្រង់បទពិសោធន៍ប្រទេសគេក្នុងកិច្ចការងារ ទ្រឹស្តីជារឿងមួយ ប៉ុន្តែបទពិសោធន៍ជាផ្នែកមួយដ៏សំខាន់ ដែលអាចយកមកអនុវត្តន៍ការងារបានលឿនសម្រាប់ខ្លួងឯងផ្ទាល់។
បន្ទាប់ពីបញ្ចប់ការសិក្សា និស្សិតជ័យលាភីទាំងអស់នឹងត្រឡប់មកបម្រើជាតិមាតុភូមិ និងធ្វើជាសសរទ្រូង ដ៏រឹងមាំដោយចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

លោក អ៊ុន លាវសុវត្ថិ តំណាងនិស្សិតជ័យលាភីអាហារូបករណ៍បានធ្វើរបាយការណ៍ជម្រាបជូនឯកឧត្ដមរដ្ឋមន្រ្ដីថា និស្សិតសរុបចំនួន ១១រូប បានទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសជប៉ុន (MEXT) ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សារយៈពេល ០២ឆ្នាំ សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៦ នៅតាមបណ្តាសាកលវិទ្យាល័យនានាក្នុងប្រទេសជប៉ុន ដែលក្នុងនោះរួមមាន ជំនាញទំនាក់ទំនងអន្តរជាតិវិស្វកម្មវិទ្យាសាស្ត្ររូបធាតុ វិទ្យាសាស្ត្រឱសថ សំណង់ស៊ីវិល ព័ត៌មានវិទ្យា គ្រប់គ្រងធុរកិច្ច សេដ្ឋកិច្ច សិក្សាអប់រំ គោលនយោបាយ និងរដ្ឋបាលសាធារណៈ ដែលនឹងត្រូវចេញដំណើរចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ ខាងមុខ៕

ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា