ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លិខិតមិត្តអ្នកអានៈ អាជ្ញាធរស្រុកទ្រាំងនៅតែមិនអាចរកដំណោះស្រាយជូនអាជីវករផ្សារព្រៃសណ្តែកបាន

តាកែវ៖ ក្រុមអាជីវករផ្សារព្រៃសណ្តែកប្រមាណជាង៦០នាក់ នៅតែទទួលដល់អាជ្ញាធរស្រុកទ្រាំង ពិសេសឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមជួយដោះស្រាយជូនពួកគាត់ជាមួយនឹងម្ចាស់វិនិយោគផ្សារព្រៃសណ្តែក ខណៈដែលក្រុមពួកគាត់មានខ្លះបាត់បង់តូប និងបាត់ម៉ែត្រជាដើម ពិសេសគឺតម្លៃតូបក្រោយពីបានវិនិយោគហើយ នៅតម្លៃខ្ពស់មិនអាចទទួលបានចំពោះអាជីវករដែលមានតូបលក់ក្នុងផ្សារនេះជាយូរមកហើយ ។

នៅក្នុងកិច្ចប្រជុំដោះស្រាយរវាងក្រុមអាជីវករផ្សារ និងម្ចាស់វិនិយោគផ្សារព្រៃសណ្តែក ក្រោមការសម្រួលសម្រួលពីលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង និង លោក ខឹម ឆន អនុប្រធានមន្ទីរសេដ្ឋកិច្ចខេត្តតាកែវ រយៈពេលជាង២ម៉ោង កាលពីរសៀលថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៨កន្លងមកនេះ គឺពុំមានលទ្ធផលវិជ្ជាមានសម្រាប់ក្រុមអាជីវករឡើយ ពោលគឺក្រុមអាជីវករនៅតែមិនអាចទទួលយកបានឡើយពីសំណាក់ម្ចាស់វិនិយោគផ្សារព្រៃសណ្តែកនេះ ។

លោកស្រី សុខ ថាវរី ដែលជាអាជីវករចាស់លក់ដូរក្នុងផ្សារព្រៃសណ្តែក ដែលបានចូលរួមដោះស្រាយនាពេលនោះ គឺបានសម្តែងភាពមិនសប្បាយរីករាយឡើយ ព្រោះខាងម្ចាស់វិនិយោគផ្សារព្រៃសណ្តែកបានលក់តូបជូនគាត់ក្នុងតម្លៃខ្ពស់ ពោលគឺអាជីវករចាស់លក់ក្នុងតម្លៃ២៧០០ដុល្លារ ដែលគាត់ក្នុងនាមជាអាជីវករចាស់មិនអាចទទួលយកបានចំពោះតម្លៃតូបនេះបានឡើយ ដូច្នោះគាត់សំណូមពរដល់អាជ្ញាធរស្រុក ក៏ដូចជាផ្សារវិនិយោគផ្សារលក់ឲ្យអាជីវករចាស់ក្នុងតម្លៃ៥០០ដុល្លារ និងតូបនៅខាងមុខតម្លៃតែ២០០០ដុល្លារបានហើយសម្រាប់អ្នកលក់ដូរយូរនៅផ្សារព្រៃសណ្តែកនេះ ។

តំណាងអាជីវករ១រូបនេះ សុំមិនបញ្ជេញឈ្មោះ ក៏បានរៀបរាប់ផងដែរថា ម្ចាស់ផ្សារគាត់ធ្វើខុសសន្យាជាមួយអាជីវរករចាស់ដែលធ្លាប់លក់ដូរក្នុងផ្សារពីមុន ដូចជា -គាត់ថាគាត់មកអភិវឌ្ឍន៍ផ្សារអោយស្អាតអោយបងប្អូនលក់ដូរស្រួល – គាត់ប្រាប់អាជីវករថាបងប្អូនមានតូបនៅកន្លែងណាគាត់អោយនៅកន្លែងហ្នឹងដដែល -សំរាប់បងប្អូមជាអាជីវករចាស់គាត់លក់អោយមិនថ្លៃទេ យ៉ាង ច្រើនបង់400$ ទៅ 500$ប៉ុណ្ណោះ – អ្នកធ្លាប់មានតូបពីមុនប៉ុន្មានក្រុមហ៊ុននឹងលក់អោយវិញប៉ុណ្ណឹង បើបងប្អូនចង់ទិញតូបរបស់ខ្លួនវិញ ក្នុងតំលៃថោក -ទំហំតូបដែលក្រុមហ៊ុនកំណត់ប្រាប់អាជីវករមុនពេលសាងសង់ គឺ តូបជួរមុខផ្សារ 3មx3ម ខាងក្នុងផ្សារ 2មx2,5ម អាជីវករក៏ព្រមផ្តិតមេដៃអោយក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ តែពេលក្រុមហ៊ុនសាងសង់បានប្រហែល៣០%ក៏អោយអាជីវករយកប្រាក់ទៅកក់ បើមិនកក់ទេនឹងអត់តូបលក់ តម្លៃតូបចាប់ផ្តើមលក់ ចាប់ពីរ 1600$រហូតដល់2700$សំរាប់អាជីវករចាស់ -ជើងម៉ែត្រតូប បន្ថយមិនពេញ 3ម បន្ថយមក2,8ម , 2,5មបន្ថយមក 2ម រឺ 2,2ម -តូបអាជីវករពីមុនធ្លាប់លក់ដូរមាន3តូបក្នុងម្នាក់ តែលក់អោយវិញម្នាក់ តែ1 ឬ 2ទេ ដោយសំអាងថាយើងផ្តិតមេដៃអោយក្រុមហ៊ុនតែមួយ ឬ តែពីរ ( ដោយក្រុមហ៊ុនថាមេដៃមួយមានសិទ្ធទិញបានតែតូបួយវិញទេ ទោះមានតូបពីមុនប៉ុន្មានក៏ដោយ ក៏មិនលក់អោយដែរ បើចង់បានវិញទាល់តែហានអោយតម្លៃថ្លៃលើសតម្លៃខាងលើ ទើបក្រុមហ៊ុនលក់អោយវិញ។

ម្យ៉ាងវិញទៀតអត្តចរិករបស់ម្ចាស់វិនិយោគផ្សារ គ្មានសីលធម៌ អាងខ្នង អាងខ្សែរ បើអាជីវករណាមិនសុខចិត្តអោយទៅប្តឹងទៅ គាត់មិនខ្លាចទេ ពេលអាជីវករទាមទាយកកន្លែងតូបរបស់ខ្លួនធ្លាប់លក់ពីមុន ម្ចាស់វិនិយោគផ្សារនោះសួរថា មានប្លង់អត់ ដែលថា កន្លែងហ្នឹងជាកន្លែងរបស់អ្នកឯងពីមុន គាត់យកកន្លែងតូបកែង តូបច្រកផ្លូវចូលកន្លែងល្អៗទុកលក់អោយអ្នកថ្មី រឺបក្សពួកគាត់ អាជីវករខ្លះយំសោកព្រោះបាត់បង់កន្លែងដែលខ្លួនធ្លាប់លក់ពីរមុន អាជ្ញាធរនៅស្រុកនេះដូចមិនឈឺឆ្អាល និងជួយដោះស្រាយសោះ មិនថាទៅប្តឹងតវ៉ាប៉ុន្មានដងទេ គឺបាត់ឈឹងទុកអោយអាអ្នកធ្វើផ្សារហ្នឹងប្រើអំណាច់ គាប់សង្តត់អាជីវករតាមទំនើងចិត្ត ខ្ញុំក៏ជាជនរងគ្រោះដែរ បាត់បង់តូបអស់2 ក្រុមហ៊ុនមិនព្រមលក់អោយវិញ បើចង់បានលុះត្រាហា៊នអោយថ្លៃលើសហ្នឹងទើបលក់អោយវិញ ដូច្នោះបើយ៉ាងហ្នឹងមិនដឹងថា ចិញ្ចឹមកូន និងផ្គត់ផ្គង់ក្នុងគ្រួសារគ្រាប់គ្រាន់ដែរឬទេ ។

លោក ឈួន ផាន់នី ដែលសម្របសម្រួលជាមួយក្រុមអាជីវករ និងម្ចាស់វិនិយោគផ្សារព្រៃសណ្តែក បាននិយាយយ៉ាងខ្លីថា បើសិនជាការដោះស្រាយនេះ ខាងអាជីវករមិនអាចទទួលយកបាននោះទេ ដូច្នោះបន្តកិច្ចប្រជុំទៀត ក៏មិនបានផលនោះទេ ដូច្នោះសូមបញ្ចប់កិច្ចប្រជុំនេះទៅ ចាំដោះស្រាយគ្នាលើកក្រោយទៀត ព្រោះប្រជុំជាង២ម៉ោងហើយ ណាមួយល្ងាចផង ប្រញ៉ាប់ទៅបុណ្យលោកអភិបាលរងខេត្តតាកែវ ៕