លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានចូលរួមសន្និសីទសន្តិសុខតំបន់អាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក ស្តីពី “គំនិតផ្តួចផ្តើមប្រឆាំងនឹងអំពើភេរវកម្ម” ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ ២០១៩ នៅទីក្រុងក្យូតូ ប្រទេសជប៉ុន។
ដោយមានការចូលរួមពីគណៈប្រតិភូគយនៃប្រទេសជាសមាជិករបស់អង្គការគយពិភពលោកនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងតំណាងគយសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស អង្គការគយពិភពលោក និងអង្គការអន្តរជាតិមួយចំនួនដូចជា UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម។
ក្នុងសុន្ទរកថាបើក លោក Kunio Mikuriya បានលើកឡើង ពីការវិវត្តន៍គំនិតផ្ដួចផ្ដើមសន្តិសុខរបស់ WCO ដែលបានចាប់ផ្តើមពីកម្មវិធីក្របខណ្ឌស្តង់ដារសន្តិសុខនៃខ្សែចង្វាក់ផ្គត់ផ្គង់ពាណិជ្ជកម្មអន្តរជាតិ, កម្មវិធីសន្តិសុខជាសកលនៃការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ផ្លូវអាកាស និងផ្លូវគោក។
លោកក៏បានលើកឡើងបន្ថែមអំពីសេចក្ដីសម្រេចរបសក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ និងកិច្ចប្រជុំ G7 ដែលបានអនុម័តកម្មវិធីពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មនៅក្នុងពិភព លោក ហើយអង្គការគយពិភពលោកមានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តសេចក្ដីសម្រេច និងកម្មវិធីទាំងនោះ។
ជាក់ស្ដែងនៅឆ្នាំ២០១៧ ដោយមានការឧបត្ថម្ភមូលនិធិដោយរដ្ឋាភិបាលជប៉ុន (ប្រមាណ៧.២៥ លានដុល្លារសហរដ្ឋអាមេរិក) អង្គការគយពិភពលោកបានចាប់ផ្តើមអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ដោយបានផ្ដល់ការហ្វឹកហ្វឺន បំពាក់ឧបករណ៍ និងការកសាងសមត្ថភាពដល់រដ្ឋបាលគយចូលរួមក្នុងគម្រោងនេះ។
លោកក៏បានសន្និដ្ឋានថា គម្រោងសន្តិសុខអាស៊ី-ប៉ាស៊ីហ្វិករបស់អង្គការគយពិភពលោក អាចទទួលបានជោគជ័យទៅបានទាល់ តែមានការចូលរួមយ៉ាងសកម្មរបស់រដ្ឋបាលគយនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងស្ថាប័នអន្តរជាតិពាក់ព័ន្ធផងដែរ។
ទន្ទឹមនេះ លោក Motoya Nakae អគ្គនាយកគយជប៉ុនក៏ បានថ្លែងសុន្ទរកថា ស្វាគមន៍អ្នកចូលរួមទាំងអស់ និងសម្តែងអំណរគុណ ចំពោះ WCO ដែលបានសហការរៀបចំសន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីបូកសរុបលទ្ធផលការអនុវត្តគម្រោងផង និងចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍ក្នុងការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” នេះផង ។
លោកបានលើកឡើងថា តួនាទីរបស់គយក្នុងការពង្រឹងសន្តិសុខ និងប្រឆាំងភេរវកម្មកាន់តែលេចធ្លោ ហើយត្រូវបន្តពង្រឹង និងពង្រីកតួនាទីនេះថែមទៀត ដើម្បីឆ្លើយតបនឹងការមិនថយចុះនៃអំពើភរវកម្ម។
លោកបន្តថា ប្រទេសជប៉ុននឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទអន្តរ ជាតិ និងព្រឹត្តិការណ៍សំខាន់ៗមួយចំនួនដូចជាកិច្ចប្រជុំ G20 នៅខែមិថុនាខាងមុខនេះ និងកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ក្នុងឆ្នាំ ២០២។
លោកបានគូសបញ្ជាក់ថា សន្និសីទស្ដីពីសន្តិសុខនេះជាឱកាសដ៏ប្រសើរកនុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយ និងអង្គការអន្តរជាតិពាក់ព័ន្ធក្នុងការទប់ស្កាត់, ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការពារសន្តិសុខនៅក្នុងប្រទេស និងសកលលោក ។
លោកបណ្ធិត គុណ ញឹម បានធ្វើបទបង្ហាញអំពីលទ្ធផល និងបទពិសោធន៍នៃការអនុវត្តគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ដោយរដ្ឋបាលគយកម្ពុជា ។
លោកបណ្ឌិតបានលើកឡើងថា ក្នុងបរិបទនៃការគម្រាមកំហែងជាសកលដោយអំពើភរវកម្ម រដ្ឋបាលគយកម្ពុជាមិនត្រឹមតែខិតខំប្រមូលចំណូលពន្ធនិងអាករចូលថវិកាជាតិតែប៉ុណ្ណោះទេ គឺការ ងារសន្តិសុខក៍ជាផ្នែកមួយដ៏សំខាន់ក្នុងសរសរស្ដមទាំងបួននៃយុទ្ធសាស្រ្តកែទម្រង់ និងទំនើបកម្មគយឆ្នាំ២០១៩-២០២៣ របស់គ កម្ពុជាផងដែរ។
លើសពីនេះលោកថា ការចូលរួមអនុវត្តគម្រោង“សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ក៏ជាផ្នែកមួយនៃការអនុវត្តកម្មវិធីការងារ “ពង្រឹងសន្តិសុខ” របស់គយកម្ពុជា ដែលការងារនេះតម្រូវឲ្យមានកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌជាតិ តំបន់ និងអន្តរជាតិ ។
ទន្ទឹមនេះ អគ្គនាយកគយនិងរដ្ឋាករកម្ពុជាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងការសំអាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។
ជាក់ស្ដែងរាជរដ្ឋាភិបាលបានដាក់ចេញនូវ’យុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ២០១៩ – ២០២៣” ដែលក្នុងនោះមានការងារជាច្រើនត្រូវអនុវត្តដោយរដ្ឋបាលគយកម្ពុជា ។
លោកបណ្ឌិតបានបញ្ជាក់ថា ក្នុងនាមជាសមាជិកអង្គការគយពិភពលោក កម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តចូលរួមក្នុងកម្មវិធីសន្តិសុខអន្តរជាតិនានា ក្នុងបរិបទនៃការទប់ស្កាត់ និងប្រឆាំងភេរវកម្ម ដើម្បីពង្រឹងសន្តិសុខជាតិ តំបន់ និងពិភពលោក ។
គួរបញ្ជាក់ថា ក្រោមគម្រោង “សន្តិសុខអាស៊ី-ប៉ាស៊ីហ្វិក” ក្រៅពីការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសពាក់ព័ន្ធនឹងការទប់ស្កាត់អំពើភេរវកម្ម រដ្ឋបាលគយកម្ពុជាក៏បានទទួលឧបករណ៍ សម្ភារៈមួយចំនួនពីអង្គការគយពិភពលោក ហើយឧបករណ៍ សម្ភារៈទាំងនោះបានដាក់ឲ្យប្រើប្រាស់នៅមាត់ច្រកសំខាន់ៗមួយចំនួន។