រាជធានីភ្នំពេញ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២៤ លោក សុខ សុកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានស្នើអោយក្រសួងព័ត៌មាន ផ្សាយអំពីយុទ្ធសាស្រ្ត ចំនួន៥ ដើម្បីជំរុញវិស័យទេសចរណ៍ អោយទទួលបានឧត្តមភាពកម្ពុជានៅលើឆាកអន្តរជាតិ ដែលនឹងធ្វើអោយមានការងើបឡើងវិញនូវភ្ញៀវទេសចរអោយដូចមុនសម័យកូវីដ។
មានប្រសាសន៍ នៅក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និង ក្រសួងព័ត៌មាន នៅរសៀល ថ្ងៃទី២១ មិថុនានេះ នៅទីស្តីការក្រសួងព័ត៌មាន លោក សុខ សុកេន ចង់អោយក្រសួងព័ត៌មានជួយផ្សព្វផ្សាយពីយុទ្ធសាស្ត្រ ចំនួន៥ របស់ក្រសួងទេសចរណ៍ រួមមាន ការផ្សព្វផ្សាយកិត្តិនាមកម្ពុជាលើឆាកអន្តរជាតិ ទីផ្សារទេសចរ ផលិតផលទេសចរ និងឧស្សាហកម្មទេសចរ ដែលនឹងជួយស្តារ បរិមាណភ្ញៀវទេសចរ បរទេសឡើងវិញ។
យោងតាមស្ថិតិក្រសួងទេសចរណ៍បានអោយដឹងថា នៅឆ្នាំ២០១៩ ភ្ញៀវទេសចរមកកម្ពុជា មានចំនួនជាង ៦លាន៦សែននាក់ ហើយបានធ្លាក់ចុះ ប្រមាណ៨០ភាគរយ នៅក្នុងអំឡុងពេលឆ្នាំកូវីដ។
នៅឆ្នាំ២០២៣កន្លងមកនេះ ភ្ញៀវទេសចរណ៍បានកើនឡើងជាង ៥លាន៤សែននាក់វិញ។ យ៉ាងណាក៏ដោយក្រសួងទេសចរណ៍សង្ឃឹមថា កិច្ចសហការជាមួយក្រសួងព័ត៌មានដើម្បីផ្សព្វផ្សាយព័ត៌មាននេះនឹងជួយអោយភ្ញៀវទេសចរងើបឡើងវិញ។
ក្រោយពេលកិច្ចសហការនេះ ក្រសួងទេសចរណ៍ចង់អោយក្រសួងព័ត៌មាន ផ្សព្វផ្សាយព្រឹត្តិការណ៍ធំៗចំនួន៣ គឺ ឆ្នាំទស្សនាសៀមរាប ២០២៤, ឆ្នាំផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ កម្ពុជា-ចិន និងឆ្នាំផ្លាស់ប្តូរវប្បធម៌កម្ពុជា-ឥណ្ឌា។
នៅក្នុងឱកាសនោះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានស្វាគមន៍ចំពោះកិច្ចសហការណ៍ជាមួយក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយព័ត៌មាន ផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងវិស័យទេសចរ។
លោករដ្ឋមន្ត្រីបានរំលឹកថាកន្លងមកក្រសួងព័ត៌មានបានសកម្មជួយផ្សព្វផ្សាយ ក្នុងពិធីបុណ្យទន្លេ បុណ្យជាតិធំៗពិសេសព្រឹត្តិការណ៍ឆ្នាំផ្លាស់ប្តូរវប្បធម៌និងទេសចរណ៍ កម្ពុជា-ចិន ដែលជួយដល់ទិសដៅផ្សព្វផ្សាយសក្តានុពលទេសចរនៅកម្ពុជាចេញ ទៅក្រៅប្រទេស។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ការរៀបចំគោលនយោបាយ គឺជាការល្អ ប៉ុន្តែបើគ្មានការផ្សព្វផ្សាយនោះទេ ក៏គោលនយោបាយនោះ ក៏មិនបានធ្លាក់ដល់ដៃប្រជាពលរដ្ឋដែរ បានន័យថា ខ្វះការគាំទ្រពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានបានធ្វើអនុស្សរណៈដើម្បីសហការផ្តល់ព័ត៌មាននឹងផ្សព្វផ្សាយព័ត៌មាន ជាមួយក្រសួងចំនួន២នៅថ្ងៃតែមួយ នៅថ្ងៃទី២១ ខែមិថុនានេះ គឺចុះអនុស្សរណៈជាមួយ ក្រសួងឧស្សាហកម្ម និងជាមួយក្រសួងទេសចរណ៍៕
ដោយ៖ ធូ កុសល