ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រជុំ សេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គម នៅថ្ងៃទី៤ ខែ មិថុនា ឆ្នាំ២០១៩ ។
គោលដៅបង្កើនច្បាប់នេះ ឲ្យមានរបបសន្តិសុខសង្គមនៃព្រះរាជណាចក្រកម្ពុជា ដើម្បីធានាឲ្យមានសមធម៌ សាមគ្គីធម៌សង្គម និងដើម្បីលើកកម្ពស់សុខមាភាព និងជីវភាពរបស់ប្រជាពលរដ្ឋ ក្រៅពីនេះ ច្បាប់របបសន្តិសុខសង្គមមានគោលដៅកំណត់អំពីគោលការណ៍ បែបបទ យន្តការ និងប្រព័ន្ធគ្រប់គ្រងរបបសន្តិសុខសង្គមរួមមាន ផ្នែកសោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារ ។
មន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈ ដែលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតនៅក្រោមបទប្បញ្ញាត្តិនៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិល មន្រ្តីរាជការដែលស្ថិតនៅក្រោមច្បាប់ មន្រ្តីរាជការដែល បម្រើក្នុងស្ថាប័នតុលាការ មន្រ្តីនគរបាល និងមន្រ្តីពន្ធធនាគារ (ចំពោះតែផ្នែកថែទាំសុខភាព) មន្រ្តីបម្រើនៅក្នុងគណកម្មាធិការជាតិរៀបចំការបោះឆ្នោត, មន្រ្តីរាជការ និងអតីតយុទ្ធជន, មន្រ្តីជាប់កិច្ចសន្យាដែលបម្រើការងារនៅតាមក្រសួង ស្ថាប័ន និងថ្នាក់ក្រោមជាតិ និងនិយោជិតនៃវិស័យសាធារណៈផ្សេងៗ ដែលបានកំណត់ដោយអនុក្រិត្យ ដើម្បីទទួលបានប្រាក់សោធន, ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារផ្សេងៗ ក្រោយពីច្បាប់នេះបានដាក់ឲ្យអនុវត្តន៍ជាធរមាន ។
សូមបញ្ជាក់ថា ក្រៅពីការអនុវត្តន៍របបសន្តិសុខសង្គម នៅក្នុងឆ្នាំ២០១៩ នេះ ចំពោះវិស័យឯកជន រាជរដ្ឋាភិបាលបានគ្រោងថវិការឆ្លើយតបនិងសកម្មភាពគាំពារសង្គម ដូចជាការគាំទ្រថែទាំសុខភាពសម្រាប់កម្មករ ដោយបានត្រៀមថវិការក្នុង កញ្ចប់ថវិការក្រសួងសុខាភិបាល សម្រាប់ពង្រីកសមភាពមូលនិធិសមធម៌ ដើម្បីផ្តល់ឲ្យកម្មករ ក្នុងនិងក្រៅប្រព័ន្ធ ដែលមិនទាន់ចុះជាសមាជិករបបសន្តិសុខសង្គម ទទួលបានរបបថែទាំសុខភាព ដូចប្រជាជនដែលមានប័ណ្ណក្រីក្រ រួមជាមួយបន្តឧបត្ថម្ភមាតុភាពសម្រាប់កម្មករនោយោជិត ដោយគ្រោងក្នុងកញ្ចប់ក្រសួងសុខាភិបាលដូចគ្នា សម្រាប់បន្តបើកប្រាក់ឧបត្ថម្ភ ជូនកម្មការិនីនៅពេលសម្រាលកូន និងសម្រាកលំហែនាតុភាព៕

