ភ្នំពេញ ៖ បន្ទាប់ពីបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌន រយៈពេល ១ខែ នាថ្ងៃទី០៥ ខែ មិថុនា ឆ្នាំ២០១៩។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារចូលរួមអបអរសាទរ ព្រមទាំងផ្ញើក្តីនឹករលឹក និងអរគុណបងប្អូនសាសនិកឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសន្តិភាព ហើយបានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់សម្តេច និងរបស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក។
នៅព្រឹក ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរល្អ មហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងសាកលលោកផងដែរ ដែលនៅកម្ពុជា បានបញ្ចប់ពិធីអំណត់បួសខែរ៉ម៉ាឌនដោយជោគជ័យ ក្នុងអារម្មណ៍ជ្រះថ្លា ក្នុងឱកាស ដ៏សែន រីករាយ ស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ា (អ៊ីត អាល់ហ្វ៊ីទ្រី) នៅថ្ងៃពុធទី ១ ខែ ស្ហាវ៉ាល់ ឆ្នាំ ១៤៤០ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ដែលត្រូវនឹងថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០១៩»។
សម្តេចតេជោ បន្តថា «ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និងសូមអរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះបងប្អូនសាសនិកឥស្លាមកម្ពុជា ដែល បានចូលរួមថែរក្សាសន្តិភាព ហើយបានគាំទ្រ និងមានជំនឿជឿជាក់ មកលើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក»។
សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តថា «ខ្ញុំសូមបួងសួងអោយបងប្អូនទាំងអស់ សូមទទួលបាននូវសេចក្កីសុខ សុភមង្គល ក្ដីមេត្តាករុណា និងអាណិត ស្រឡាញ់ពីអល់ឡោះគ្រប់ៗគ្នា និងសុំអោយអល់ឡោះទទួលយកនូវកុសលផលបុណ្យនៃខែបួសរ៉ម៉ាឌន ដែលបងប្អូនបានគោរពប្រតិបត្តិ ក្នុងរយៈពេលកន្លងមក កុំបីអាក់ខានឡើយ”។
សូមរម្លឹកថា កាលពីល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញពិសាអាហារស្រាយបួស «ខែរ៉ាម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម សរុបចំនួន ៤,៧៥០នាក់ មកពីតាមបណ្តាខេត្ត និងក្នុងរាជធានីភ្នំពេញ។ ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន ៣២០នាក់ ដែលមាន ៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម OIC ចំនួន ៣នាក់ផងដែរ។
ការជួបជុំពិសាអាហាស្រាយបួស «ខែរ៉ាម៉ាឌន» ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ គឺជាលើកទី៦ហើយ គិតចាប់តាំងពីឆ្នាំ២០១៤មក។ វត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីដ៏សំខាន់របស់ខ្មែរ-ឥស្លាម បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ចំពោះបងប្អូនខ្មែរ-ឥស្លាម ទោះបីជាសម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនាក៏ដោយ។
បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក បានចូលបួសខែរ៉ម៉ាឌន ឬរ៉ម៉ាទន នៅថ្ងៃទី១ ខែរ៉ម៉ាឌន ក្នុងរយៈពេល ១ខែ ដោយសាសនិកឥស្លាម ត្រូវតមមិនបរិភោគអាហារ សូម្បីតែលេបទឹកមាត់ ចាប់ពីថ្ងៃរះ ដល់ថ្ងៃលិច ជាដើម។ ប៉ុន្តែសាសនិកឥស្លាម អាចបរិភោគអាហារ ទឹក នៅពេលថ្ងៃលិច និងមុនថ្ងៃរះ រៀងរាល់យប់។
មូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានផ្សព្វផ្សាយនូវគោលបំណង និងអត្ថប្រយោជន៍នៃការបួសក្នុងសាសនាឥស្លាម រ៉ម៉ាទន រួមមាន៖ ជម្រះសម្អាតខ្លួន ហ្វឹកហាត់ខ្លួន ជាអ្នកគោរពយ៉ាងពេញលេញ ទោះបីត្រូវផ្តាច់ពីចំណង់របស់ខ្លួន អប់រំឆន្ទៈ តស៊ូស្មារតី ហាត់អត់ធ្មត់ បដិវត្តន៍ទម្លាប់។ សាសនិកឥស្លាម ដែលបួស នៅខែរ៉ាម៉ាឌន ក៏ទទួលបាននូវសេចក្តីមេត្តាធម៌ ការលើកលែងទោសកំហុស ដែលមាន និងការដោះលែងពីនរក ដោយការប្រោសប្រណីពីអល់ឡោះផងដែរ៕